គម្រោងអភិវឌ្ឍន៍ទីក្រុងទំនើបនៅតំបន់បឹងទំពុន និងបឹងជើងឯក

សាលារាជធានីគ្រោងអភិវឌ្ឍន៍ទីក្រុងទំនើបនៅតំបន់បឹងទំពុន និងបឹងជើងឯក ដែលចំណាយថវិកាប្រមាណ៦៩៦លានដុល្លារ
ភ្នំពេញ ៖ ក្រោមការសម្របសម្រួលពីសាលារាជធានីភ្នំពេញ វិស័យឯកជននឹងរួមគ្នាធ្វើការអភិវឌ្ឍទីក្រុងទំនើបមួយថ្មីទៀត នៅតំបន់អភិវឌ្ឍន៍បឹងទំពុន និងបឹងជើងឯក ដែលគម្រោងនេះនឹងចំណាយថវិកាប្រមាណ៦៩៦លានដុល្លារ ដោយក្រុមហ៊ុន អាយ.អិន.ជី ហូលឌីង ខូអិលធីឌី ជាអ្នកទទួលសិទ្ធិដឹកនាំវិនិយោគតំបន់នេះតែម្តង ហើយគម្រោងនេះនឹងបញ្ចប់នៅក្នុងអំឡុងឆ្នាំ២០៣៥។

ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ អមដោយមន្ត្រីជំនាញពាក់ព័ន្ធក្រោមឱវាទ កាលពីព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ បានកោះអញ្ជើញប្រជាពលរដ្ឋ ដែលមានដីប៉ះពាល់នឹងគម្រោងអភិវឌ្ឍន៍ក្នុងតំបន់បឹងទំពុន និងបឹងជើងឯកនេះប្រមាណ២០០គ្រួសារ មកប្រជុំពិភាក្សា ដោះស្រាយ ដើម្បីជំរុញការអភិវឌ្ឍតំបន់ទាំងពីរនេះបានលឿន និងទទួលបានជោគជ័យទាំងអស់គ្នា។

កិច្ចប្រជុំពិភាក្សា ដែលប្រជាពលរដ្ឋពាក់ព័ន្ធមានសិទ្ធិបញ្ចេញមតិយោបល់នេះ ត្រូវបានធ្វើឡើងក្នុងទីស្នាក់ការរបស់ក្រុមហ៊ុន អាយ.អិន.ជី ហូលឌីង ខូអិលធីឌី ស្ថិតក្នុងតំបន់ជើងឯក ជាតំបន់ ដែលនឹងត្រូវអភិវឌ្ឍន៍នេះ។

ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញបានលើកឡើងថា ប្រជាពលរដ្ឋនៅក្នុងទីក្រុងភ្នំពេញ មានកំណើនកើនឡើងយ៉ាងឆាប់រហ័ស ដោយមកដល់ពេលនេះមានជាង២លាននាក់ទៅហើយ ដូច្នេះការរៀបចំតំបន់អភិវឌ្ឍន៍ ឬទីក្រុងរណបគឺត្រូវតែធ្វើជាចាំបាច់។ ជាក់ស្តែងការអភិវឌ្ឍតំបន់ទីក្រុងរណបបឹងទំពុន និងបឹងជើងឯក ដែលមានផ្ទៃដីសរុបចំនួន២៥៧២ហិកតា គឺត្រូវរៀបចំអភិវឌ្ឍន៍ជាកញ្ចប់ ឬជាប្រព័ន្ធតែម្តង គម្រោងអភិវឌ្ឍន៍នេះ ជាគម្រោងធំជាងគេក្នុងចំណោមគម្រោងអភិវឌ្ឍន៍ទីក្រុងរណបនានាក្នុង រាជធានីភ្នំពេញ។

ឯកឧត្តម ប៉ា សុជាតិវង្ស បានប្រកាសទុករយៈពេល២០ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២២មករាទៅ សូមឲ្យប្រជាពលរដ្ឋទាំងអស់ ដែលមានដីនៅក្នុងតំបន់អភិវឌ្ឍន៍បឹងទំពុន និងជើងឯកនេះ ត្រូវប្រញាប់ផ្តល់ឯកសារ ឬលិខិតស្នាមបញ្ជាក់ម្ចាស់កម្មសិទ្ធិរបស់ខ្លួន ដើម្បីឲ្យក្រុមការងារសម្របសម្រួល និងដោះស្រាយបានផ្ទៀងផ្ទាត់ ព្រមទាំងឈានទៅធ្វើការអភិវឌ្ឍតំបន់នេះឲ្យបានឆាប់។

ឯកឧត្តម បន្តថា ជាមធ្យោបាយ ដើម្បីឈានទៅដោះស្រាយតំបន់នេះបាន មានតែប្រជាពលរដ្ឋចូលរួមបដិភាគនូវបញ្ហាចំនួន៣ចំណុច ទី១ រួមគ្នាចាក់ដីលើផ្ទៃបឹងឲ្យពេញដោយចេញថ្លៃទៅតាមទំហំដី ទី២ បដិភាគដីចំនួន៣៥% ដើម្បីបង្កើតឲ្យមានហេដ្ឋារចនាសម្ព័ន្ធផ្លូវលូ ប្រឡាយ និងអាងស្តុកទឹក និងទី៣ ការចំណាយលើការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនានា។ ការដោះស្រាយនេះ ត្រូវតែធ្វើឡើងជាកញ្ចប់ ពោលគឺមិនឲ្យមានការអភិវឌ្ឍដាច់ដោយដុំនោះទេ ដូច្នេះការចូលរួមចំណាយបដិភាគរបស់ប្រជាពលរដ្ឋនាពេលនេះ នឹងធ្វើឲ្យដីនៅតំបន់នេះកាន់តែមានតម្លៃ ជាជាងការទុកដីទំនេរ និងធ្វើអ្វីមិនកើតនាំខាតផលប្រយោជន៍។

នៅ សាលារាជធានីភ្នំពេញកាលពីពេលថ្មីៗនេះ តំណាងក្រុមហ៊ុន អាយ.អិន.ជី ហូលឌីង ខូអិលធីឌីបានឲ្យដឹងជុំវិញគម្រោងអភិវឌ្ឍន៍បឹងទំពុន និងបឹងជើងឯក ថា ក្រុមហ៊ុនបានទទួលសិទ្ធិធ្វើការអភិវឌ្ឍន៍បឹងទំពុន និងបឹងជើងឯកឲ្យប្រែក្លាយទៅជាទីក្រុងរណប ដែលមានផ្ទៃដីសរុបរួមចំនួន២៥៧២ហិកតា ក្នុងនោះផ្ទៃដីសម្រាប់ការសាងសង់អគារផ្សេងៗមានចំនួន១៤២៣ហិកតា ស្មើនឹង៥៥,៣១% ។ ផ្ទៃដីសម្រាប់ បឹង ប្រឡាយ លំហបៃតង និងសំណង់អាគារសាធារណៈមានចំនួន១១៤៩ហិកតា ស្មើនឹង៤៤,៦៧%នៃចំនួនផ្ទៃដីសរុប និងតំរូវឲ្យមានការចាក់ដីបំពេញបន្ថែម។ ចំណែកអ្នក ដែលមានដីនៅតំបន់នោះក៏តំរូវឲ្យបរិច្ចាគដីរបស់ខ្លួន៣៥%ទៅ ក្នុងគម្រោងអភិវឌ្ឍន៍នេះ។

តំណាង ក្រុមហ៊ុនខាងលើ បានបញ្ជាក់ថា ក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណបនោះ មានផ្លូវសរុបចំនួន៦១ខ្សែ ក្នុងនោះមានមហាវិថីធំៗចំនួន២ គឺមហាវិថីសម្ដេចតេជោ ហ៊ុន សែន និងមហាវិថីអ្នកឧកញ៉ាមហាភក្តី ហ៊ុន នាង ដែលមានទទឹង៦០ម៉ែត្រ និងបណ្តោយជាង៩គីឡូម៉ែត្រ ហើយការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ រួមមានប្រព័ន្ធផ្លូវថ្នល់ ប្រឡាយ និងលូជាដើម បាននិងកំពុងចាប់ផ្តើមពីពេលនេះទៅ រហូតដល់ឆ្នាំ២០១៧ ហើយការស្ថាបនាឲ្យរួចរាល់ទាំងស្រុងនៅអំឡុងឆ្នាំ២០៣៥។ ចំពោះផ្ទៃដីដែលក្រុមហ៊ុនទទួលសិទ្ធិអភិវឌ្ឍន៍នោះមានចំនួន២៥៧២ ហិកតា ក្នុងនោះត្រូវចំណាយទៅលើផលប៉ះពាល់នៃមហាវិថី៣ខ្សែចំនួន១៥០ហិកតា ការសិក្សាគម្រោងអភិវឌ្ឍន៍១ហិកតា ការសាងសង់ច្រាំងបឹងរក្សាទុក១៣,៤៧៥ហិកតា ចំណាយការសាងសង់ច្រាំងប្រឡាយមេ ២ខ្សែ១៦,៥៩១ហិកតា ការរៀបចំបណ្តោយអគ្គិសនីក្រោមដី៨,៩០០ហិកតា ការរៀបចំតំបន់បៃតង និងសាធារណ ២៨១,៧៥ហិកតា ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ៩៥,៧៥ មហាវិថីសម្តេច ហ៊ុន សែន៩,១៦ហិកតា មហាវិថីអ្នកឧកញ៉ាមហាភក្តី ហ៊ុន នាង ២,៧៤ហិកតា មហាវិថីកាត់ទទឹង៥,៥២ហិកតា ផ្លូវមេរងមានទទឹង៣៥ម៉ែត្រ៣៤,៩៨ហិកតា ផ្លូវមេរងមានទទឹង២៦ម៉ែត្រ៤៣,៣៤ហិកតា ផ្លូវរងមានទទឹង១៦ម៉ែត្រ០,៣៦ហិកតា ការស្ថាបនាស្ពាននៅមហាវិថីសម្តេច ហ៊ុន សែន១៤០,០០ហិកតា ការស្ថាបនាស្ពាននៅមហាវិថីលោកតា ហ៊ុន នាង ៦០,០០ហិកតា ការស្ថាបនាស្ពាននៅមហាវិថីកាត់ទទឹង៨០,០០ហិកតា ការស្ថាបនាផ្លូវមេរង១៦០,០០ហិកតា ការស្ថាបនាស្ពាននៅផ្លូវទទឹង២៦ម៉ែត្រ ១០០,០០ហិកតា ការសាងសង់បណ្ដាញលូទឹកភ្លៀង១៩៨,៤៨៨ហិកតា ការសាងសង់លូជ្រុងកាត់ទទឹងមហាវិថីសម្ដេច១៨០,០០ហិកតា និងការសាងសង់បណ្ដាញលូសំអុយ១៩៥,៩៣៦ហិកតាដែលមានតម្លៃប៉ាន់ស្មានសរុបចំនួន៦៩៦,៤៥៤,០៩៣​ដុល្លារ​សហរដ្ឋអាមេរិក។

ប្រភព៖ គណនេយ្យហ្វេសប៊ុកអចលលនទ្រព្យ Target Estate & Asset Management 

Advertisements
%d bloggers like this: