ពលរដ្ឋ​ខេត្តក្រចេះ​ប៉ះពាល់​សុខភាព ដោយសារ​ទឹកស្អុយ​ហូរ​ពី​គំនរ​សំរាម​ចូល​អាង​រក្សា​ទឹក​​

​រយៈពេល​២​ឆ្នាំ​ហើយ គំនរ​សំរាម​មួយ​កន្លែង​មាន​ផ្ទៃដី​៥​ហិកតា ស្ថិតនៅ​ភូមិ​ផ្សារ ខេត្ត​ក្រចេះ មាន​ក្លិនស្អុយ និង​មាន​ទឹក​ជ្រាប​ចេញពី​គំនរ​សំរាម ហូរ​ចូល​ទៅក្នុង​អាង​រក្សា​ទឹក ដែល​អ្នក​ភូមិ​ប្រើប្រាស់​តាំងពី​សម័យ ប៉ុល ពត​។​

ទឹកស្អុយ​ពី​គំនរ​សំរាម​នេះ បាន​បង្ក​ទៅ​ជា​សត្វ​មូស និង​សត្វ​រុយ​ជាច្រើន ដែល​ជា​កង្វល់​របស់​ប្រជាជន​ក្នុង​ការឆ្លង​រោគ​រាតត្បាត​។​

ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​នោះ​អះអាងថា បញ្ហា​ប្រឈម​ធំ គឺ​រដូវវស្សា​នៅពេល​ភ្លៀង​ធ្លាក់ ទឹកស្អុយ​ពី​គំនរ​សំរាម​នោះ ក៏​បាន​ហូរ​លាយឡំ​ជាមួយ​ទឹកភ្លៀង ចូល​ក្នុង​អាង​ផ្ទុក​ទឹក​មួយ​កន្លែង​មានឈ្មោះ​ថា “​ទំនប់​ស្តុក​ទឹកអូរ​កន្ទួត​” ដែល​បន្សល់ទុក​តាំងពី​សម័យ  ប៉ុល ពត​។ អាង​ស្តុក​ទឹក​នោះ​មាន​ចំងាយ​ពី​គំនរ​សំរាម​ប្រហែល​២​គីឡូម៉ែត្រ​។ ពលរដ្ឋ​ថា ពួក​គេ​រាប់​រយ​គ្រួសារ​ក្នុង​ចំនួន​៣​ឃុំ រង​ផលប៉ះពាល់​សុខភាព ដោយសារ​ពួកគេ​ប្រើប្រាស់​ទឹក​ប្រឡាយ​នោះ​។ 

​អង្គុយ​នៅ​ក្រោមផ្ទះ​ធ្វើ​ពី​ឈើ សម្លៀក​បំពាក់​រាង​ចាស់​បន្តិច អ្នកស្រី ទឹម សុផាត អាយុ​ជាង​៥០​ឆ្នាំ​រស់នៅ​ភូមិ​កន្ទួត ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ រៀបរាប់​ប្រាប់​អ្នកយក​ព័ត៌មាន​ទាំង​ទឹកមុខ​មុតមាំ​ថា គាត់​សង្កេត​ឃើញ​ថា ចន្លោះ​ពី​១​ទៅ​៣​ថ្ងៃ រថយន្ត​ដឹក​សំរាម​ឯកជន​ឈ្មោះ តុ​ក​គុណ ដឹក​សំរាម​៣​ទៅ​៤​ឡាន​ពី​ទី​រួម​ខេត្ត​ក្រចេះ យក​ទៅ​ចាក់ចោល​នៅ​ភូមិ​ផ្សារ ចំណាយ​២​គីឡូម៉ែត្រ​ពី​ទំ​បន់​ស្តុប​ទឹកអូរ​កន្ទួត​។ អ្នកស្រី​ថា ដោយសារ​ការចាក់សំរាម​ចោល​ពាស​វាល​ពាស​កាល​នោះ ធ្វើឲ្យ​ពួកគាត់​ព្រួយបារម្ភ​ពី​ការប៉ះពាល់​បរិស្ថាន និង​សុខភាព​៖ “​ប្រជាពលរដ្ឋ ខែប្រាំង​ឡើង​អត់​ទឹក​សោះ ដាច់ទឹក អ៊ីចឹង​យើង​ត្រូវ​ទៅ​ទិញ​គេ ៣​ខែ ២​ខែ តាម​មានទឹក តាម​អត់​ទឹក ទិញ​គ្រប់​ផ្ទះ​តែ​ម្តង មិន​ថា​អត់​តែ​ផ្ទះ​ណា​ដែល​ប៉ះពាល់​ដោយ​អត់​មាន​អណ្តូងទឹក​ប្រើ​ទេ​ស្រុក​យើង​នេះ តែ​ខែប្រាំង​ឡើង​គឺ​ដាច់ទឹក​ហើយ​។ យើង​ព្រួយបារម្ភ ទៅ​ថ្ងៃ​អនាគត​ប្រាកដជា​មាន ដោយសារ​តែ​ទឹក​ហ្នឹង​វា​អត់​ស្អាត វា​ហូរ​មក​សំរាម មិនដឹង​ជាតិ​ស្អី​ខ្លះ គេ​យកមក​ចាក់ចោល​ហ្នឹង យើង​អត់​បាន​ដឹង តែ​សម្រាម វា​គគ្រិច​ហើយ ហើយ​ទឹក​ហ្នឹង​វា​ត្រូវតែ​ហូរ​មក យើង​មិន​ប្រើ​ទឹក​ហ្នឹង​?”​។​

បើ​តាម​ពលរដ្ឋ បញ្ហា​សុខភាព​ដែល​ពួកគេ​ប៉ះពាល់​នោះ​រួមមាន កើតរ​ម៉ាស់ ជំងឺ​សួត​(​ប៉ះពាល់​ផ្លូវដង្ហើម​) ជំងឺគ្រុនឈាម ឈឺក្បាល និង​បញ្ហា​ផ្សេងៗ​ទៀត​។ ចំណែកឯ​សត្វ​គោ ក្របី ពេល​ផឹកទឹក​នោះ​ក៏​មាន​ជំងឺ​ហើមពោះ និង​បូស​ខ្យល់​ទៀតផង​។​

​វ័យ​ជាង​៦០ លោក ឈីន ខន អះអាងថា​ជា អ្នក​ប៉ះពាល់​ដោយសារ​ទឹក​កង្វក់​នេះ ស្នើ​ទៅ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​នៅ​ខេត្ត​និង​មូលដ្ឋាន ឲ្យ​ពិនិត្យ​ឡើងវិញ​លើ​បញ្ហា​នេះ ដើម្បី​ការពារ​កុំឲ្យ​ប្រជាពលរដ្ឋ​កើត​ជំងឺ​ធ្ងន់ធ្ងរ​នៅ​ថ្ងៃ​ខាងមុខ​៖ “​ខ្ញុំ​ក៏​ចង់​អំពាវនាវ​ដល់​(​មន្ត្រី​)​គ្រប់​ជាន់ថ្នាក់​ក្នុង​រាជរដ្ឋាភិបាលក្តី ក្នុង​អង្គការ​ក្រៅ​រាជរដ្ឋាភិបាលក្តី គួរតែ​ជួយ​ចាប់អារម្មណ៍ និង​ជួយ​មើលឃើញថា រាល់​វិធានការ​គឺ​ជួយ​ទប់ស្កាត់​ធ្វើយ៉ាងណា កុំឲ្យ​វា​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​។ ខ្ញុំ​ចង់​ថា គួរតែ​ឈប់​ចាក់​(​សំរាម​) យក​ទៅ​ចាក់​នៅ​កន្លែង​ណា​ផ្សេង​ឲ្យ​ឆ្ងាយ គួរ​ផ្លាស់​ចោល ដាក់​ក្បែរ​ហ្នឹង​នៅតែ​ហៀរ​ហ្នឹង​តិច​ច្រើន យូរ​ឆាប់ នៅតែ​ប៉ះពាល់ នៅតែ​ហូរ​ចូល​ហ្នឹង​”​។​

ឈរ​នៅ​ក្រោម​ដើមឈើ​មុខផ្ទះ ភ្នែក​ទាំង​គូ​សម្លឹងមើល​ច្រក​ទ្វា​ចេញ​ទៅ​ផ្លូវជាតិ លោក ពី​ម ទី​ម បន្ថែមថា ប្រជា​ពលរដ្ឋ​នឹង​ប្រមូល​ស្នាម​ម្រាមដៃ ធ្វើ​លិខិត​ស្នើ​ទៅ​អភិបាលស្រុក​និង​ខេត្ត ដើម្បី​ទាមទារ​ឲ្យ​ស្ថាប័ន​ទាំង​នោះ កុំឲ្យ​ចាក់​សំរាម​នៅ​ជិតអាង​ស្តុក​ទឹកសម្រា​ប្រើប្រាស់​នោះ៖ “​បើ​ថា​អត់​ដំណោះស្រាយ​ទេ អាច​នឹង​ធ្វើ​ពាក្យ​ទៅ​ត្រឹម​ស្រុក នាំ​ភូមិ​នាំ​ឃុំ​ទៅដល់​ស្រុក បើ​ស្រុក​ដោះស្រាយ​មិន​ចេញ​ដល់​ខេត្ត ព្រោះ​សរសេរ​របាយការណ៍​អស់ហើយ​។ ដើម្បី​ទប់ស្កាត់​រឿង​សំរាម​ហ្នឹង ព្រោះ​ប្រជាពលរដ្ឋ​ច្រើន​ឲ្យយោបល់​”​។​

មេឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ លោក ស៊ឹង ផល ប្រាប់​អ្នកយក​ព័ត៌មាន​VOD​ថា គាត់​បាន​ប្រជុំ​ជាមួយ​ប្រជាពលរដ្ឋ​នៅក្នុង​ភូមិ​/​ឃុំ និង​យក​សំណើ​ដែល​ប្រជាពលរដ្ឋ​ស្នើ​នោះ ដាក់​ទៅ​ស្រុក​រួចហើយ ប៉ុន្តែ​លោក​ថា រហូតមកដល់​ពេលនេះ​មិនទាន់​មាន​ដំណោះស្រាយ​នៅឡើយ​៖ “​មាន​សំណូមពរ​ដល់​ស្រុក​ហើយ ធ្វើ​របាយការណ៍​ប្រចាំខែ ក៏​ដូច​ខ្ញុំ​លើក​អង្គប្រជុំ ជម្រាប​ជូន​ហើយ​ថា ការចាក់សំរាម​នេះ បើ​ប៉ះពាល់​បញ្ហា​សុខភាព ការហូរ​ទឹក ការ​ធំក្លិន​ស្អុយ នៅ​កន្លែង​ហ្នឹង​គឺ​ខ្លាំងណាស់ ប៉ុន្តែ​មក​មិន​មាន​ការរាយការណ៍ ក៏​មិន​ទាន់​មាន​ការប្រែប្រួល​អ្វី​ដែរ​។ ខេត្ត​មក​មើល​ដែរ ស្រុក​ក៏​មក​មើល​ដែរ ប៉ុន្តែ​មិនទាន់​សម្រេច​ពេលវេលា​ណា​ដែល​ត្រូវ​ជីក​កន្លែង​ដាក់​សំរាម​ហ្នឹង​”​។​

លោក ស៊ឹង ផល បន្ថែមថា មាន​ជម្រើស​ពីរ ដែល​អាច​ទប់ស្កាត់​កុំ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន និង​សុខភាព​ប្រជាពលរដ្ឋ គឺ​ទី​១ មន្ទីរ​បរិស្ថាន ស្រុក និង​ខេត្ត ត្រូវ​ជីករណ្តូវ​ឲ្យ​ជ្រៅ រួច​ចាក់​ស៊ីម៉ង់​បាត​ខាងក្រោម និង​ជុំវិញ​កំផែង រីឯ​ជម្រើស​ទី​២ ត្រូវ​ប្តូរ​ទីតាំង​ចាក់សំរាម​នោះ​ទៅ​ឆ្ងាយ​ពី​អាង​ស្តុប​ទឹកអូរ​កន្ទួត​។​

​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ក្រចេះ ដែល​ទើប​ឡើងកាន់តំណែង​ថ្មី​នៅ​ដើមខែ​តុលា​នេះ​លោក ឆាយ ឌួង​សាវុធ បាន​ទទួលស្គាល់ថា ការចាក់សំរាម​នៅ​តំបន់​នោះ ពិតជា​ធ្វើឲ្យប៉ះពាល់​ដល់​ទឹកដែល​ប្រជាពលរដ្ឋ​ប្រើប្រាស់​មែន​។ ប៉ុន្តែ​លោក​ថា ក្រុម​ការងារ​មន្ទី​របរិ​ស្ថាន និង​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ ដើម្បី​ពិនិត្យ​លើ​បញ្ហា​ទាំងនោះ​ឡើងវិញ​៖“​ប៉ុន្តែ​មិន​យូរ​ទេ ខ្ញុំ​នឹង​សន្យាថា នឹង​ចុះ​ទៅ​សិក្សា​ឲ្យ​ជាក់លាក់​ដើម្បី​បង្វែរ​ទឹក​ហ្នឹង ឬ​មួយ​ធ្វើ​ទឹក​ហ្នឹង​ឲ្យ​ហូរ​ទៅ ដើម្បី​កាត់បន្ថយ​ខ្លះ​ទេ បើ​ថា​ឲ្យ​១០០​ភាគរយ គឺ​អត់​ទាន់​ទេ​។ អ៊ីចឹង​បាន​ថា ឥឡូវ​ហ្នឹង​មន្ទីរ​ក៏​រៀបចំ​ក្រុមការងារ​មួយក្រុម ដើម្បី​ចុះទៅពិនិត្យ​ម្តងទៀត​ជាក់ស្តែង​។ ទី​១ ត្រូវ​យក​សាលាខេត្ត មន្ទីរ​សាធារណការ អភិបាលស្រុក​ចិត្រ​បុរី និង​នាំ​អ្នក​ម៉ៅ​ការប្រមូល​សំរាម​ដឹក​ទៅ​ចាក់​ទីលាន​ហ្នឹង​ទៀត ដើម្បីឲ្យ​ទៅ​មើល​”​។​

លោក ឆាយ ឌួង​សាវុធ ឲ្យដឹងទៀតថា កាលពី​ឆ្នាំ​២០១៣ អតីត​ប្រធាន​មន្ទីរ​បរិស្ថាន ធ្លាប់​ស្នើ​ថវិកា​៣០០​លាន​រៀល​ទៅ​មន្ទីរ​ហិរញ្ញវត្ថុ​ខេត្ត ដើម្បី​យក​ទៅ​កែ​ទីលាន​ចាក់​សំរាម​នៅ​តំបន់​នោះ តាំងពី​ឆ្នាំ​២០១៤​ដែរ ប៉ុន្តែ​មន្ទីរ​ហិរញ្ញវត្ថុ​អះអាងថា រដ្ឋ​មិន​មាន​កញ្ចប់​ថវិកា​គ្រប់គ្រាន់​។

ទោះជា​យ៉ាងណា លោក ឆាយ ឌួង​សាវុធ អះអាងថា នៅ​ឆ្នាំ​២០១៦​លោក​នឹង​យក​សំណើ​នេះ​ស្នើ​ទៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បន្តទៀត​។​

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក​ប្រចាំ​ខេត្ត​ក្រចេះ លោកស្រី ហ៊ាន ជាវ​គុណ មានប្រសាសន៍ថា មន្ទីរ​បរិស្ថាន​ត្រូវ​រក​ទីតាំង​ថ្មី​សម្រាប់​ដាក់​សំរាម​នោះ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន និង​សុខភាព​ប្រជាពលរដ្ឋ​។ លោកស្រី​បញ្ជាក់​ថា បើ​អាជ្ញាធរ​មិន​រក​ដំណោះស្រាយ​ឲ្យ​ប្រជាពលរដ្ឋ​ទេ នោះ​ពួកគេ​មាន​សិទ្ធិ​ប្តឹង​ទៅ​ក្រសួង​បរិស្ថាន​ឲ្យ​ដោះស្រាយ​បញ្ហា​នេះ​៖ “​ប្រសិន​ជា​ប្រជាពលរដ្ឋ គាត់​មើល​ទៅ​ឃើញថា វា​ធ្វើឲ្យប៉ះពាល់​ដល់​សុខភាព​របស់​គាត់ ស្ថានភាព​នៅ​ក្នុង​ការរស់នៅ គាត់​អាច​ដាក់​ពាក្យបណ្តឹង​ប្តឹង​បាន ទាក់ទង​នឹង​សិទ្ធិ​របស់​គាត់ គេ​ហៅថា​ទាក់ទង​នឹង​សេវាកម្ម​សុខភាព​។ អ៊ីចឹង​ប្រសិនជា​ប៉ះពាល់​សុខភាព​របស់​គាត់ គាត់​អាច​ដាក់​ពាក្យបណ្តឹង ឬ​គាត់​ផ្តិតមេដៃ​ពី​ប្រជាពលរដ្ឋ ទៅ​មន្ទីរ​បរិស្ថាន ដើម្បី​ឲ្យ​គាត់​ជួយ​អន្ត​រគ​មន៍​លើ​ករណី​ហ្នឹង​”​។​

គួររំឭកថា ទីតាំង​ចាក់សំរាម​ស្ថិតនៅ​ភូមិ​ផ្សារ ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ ត្រូវ​មន្ទីរ​បរិស្ថាន​ខេត្ត​រៀបចំឡើង​កាលពី​ឆ្នាំ​២០១៣ លើ​ផ្ទៃដី​៥​ហិកតា និង​ចំណាយ​ថវិកា​អស់​៨០០០​ដុល្លារ​។

ដោយឡែក អាង​ស្តុក​ទឹកអូរ​កន្ទួត​ឯណោះ​វិញ ប្រធាន​សហគមន៍ លោក គឹម សាន អះអាងថា លោក​ជា​អ្នក​មើល​ថែ​។ លោក​ថា អាង​ស្តុក​ទឹកអូរ​កន្ទួត​នេះ ត្រូវបាន​លោក ប៉ុល ពត បង្កើតឡើង​ឆ្នាំ​១៩៧៨ ឬ​១៩៧៩ ដែល​មាន​ទទឹង​៣០០​ម៉ែត្រ និង​បណ្តោយ​៦០០​ម៉ែត្រ​។ លោក​ថា ក្រោយមក​រដ្ឋាភិបាល​អភិវឌ្ឍ​បន្ថែម​លើ​ទំនប់​នេះនៅ​២០០៥ សម្រាប់​ទុកឲ្យ​ប្រជាពលរដ្ឋ​ចំនួន​៣​ឃុំ រួមមាន ឃុំ​ដារ ឃុំ​ថ្មី និង​ឃុំ​កន្ទួត ប្រើប្រាស់​ទឹក​ទាំង​រដូវប្រាំង និង​រដូវវស្សា​

ប្រភព៖ បណ្តាញព័ត៌មាន វីអូឌី VODhotNews

%d bloggers like this: