ជំនន់ទឹកភ្លៀង បានហូរចូលដល់ក្រុងកំពត

ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០១៥

(កំពត)៖ លោក ចាន់ យុត្ថា នាយកខុទ្ទកាល័យក្រសួងធនធានទឹក និងឧតុនិយម បានថ្លែងប្រាប់អង្គភាព​ Fresh News នៅព្រឹកថ្ងៃទី១៧ ខែកញ្ញានេះថា ជំនន់ទឹកភ្លៀង បានហូរចូលដល់ទីក្រុងកំពតហើយ ដោយសារទឹកភ្លៀងបានបន្តធ្លាក់ប៉ុន្មានថ្ងៃជាប់គ្នា។

សូមបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងជាបន្ទាន់មួយ ដោយប្រកាសឲ្យបងប្អូនប្រជានេសាទសមុទ្រ និងអ្នកធ្វើដំណើរទេសចរតាមសមុទ្រ សូមផ្អាកសកម្មភាពចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែកញ្ញានេះ។ ដោយមូលហេតុយោងតាមការព្យាករ សម្ពាធទាបសកម្មនេះ នឹងវិវត្តទៅជាវិសម្ពាធ (Tropical Depression) នៅថ្ងៃទី១២ ខែកញ្ញា ហើយនៅថ្ងៃទី១៣ ខែកញ្ញា វានឹងបន្តវិវត្តទៅជាព្យុះ រួចធ្វើដំណើរឆ្ពោះទៅតំបន់ឆ្នេរភាគកណ្តាល នៃប្រទេសវៀតណាម។

ឥទ្ធិពលនៃព្យុះនេះនឹងបង្កឲ្យផ្ទៃមេឃនៅកម្ពុជា មានពពកច្រើនដេរដាស មានភ្លៀងបន្តធ្លាក់ច្រើននៅក្នុងក្របខណ្ឌទូទាំងប្រទេស ជាពិសេសចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៥ នឹងអាចបណ្តាលឲ្យរាជធានី-ខេត្តមួយចំនួនដូចជា៖ រាជធានីភ្នំពេញ កំពង់ស្ពឺ កណ្តាល តាកែវ កំពត ព្រះសីហនុ កំពង់ធំ និងសៀមរាប ប្រឈមនឹងជំនន់ទឹកភ្លៀង៕

ប្រភព៖ បណ្តាញសារព័ត៌មាន Fresh News

ចុចទីនេះដើម្បីអានបន្ថែម….!!

ចុចទីនេះដើម្បីអានព័ត៌មានបន្ថែម…!!

%d bloggers like this: