នៅ​​ខេត្ត​កំពត ​ទឹក​​ស្រក​​អស់ ​ប្រជាជន​​ចូល​​ផ្ទះ​​វិញ​​ដោយ​​សុវត្ថិភាព​

ប្រជាជន​នៅ​តំបន់​លិច​ទឹក​ក្នុង​ខេត្តកំពត​បាន​ត្រឡប់​ចូល​ផ្ទះ​វិញ​អស់ហើយ បន្ទាប់ពី​បានរ​ត់រក​កន្លែង​សុវត្ថិភាព អំឡុងពេល​ទឹកជំនន់​កាលពី​ថ្ងៃទី១៥ ១៦ និង១៧ ខែកញ្ញា ឆ្នាំ២០១៥។ តាម​អាជ្ញាធរខេត្ត ពុំមាន​គ្រោះថ្នាក់​ណាមួយ​គួរឱ្យកត់សម្គាល់​ទេ ក្រោយ​សម្រក ប៉ុន្តែ​ភ្នាក់ងារ​ជួយសង្គ្រោះ​នៅ​បន្ត​ផ្តល់ជំនួយ​តាម​ស្ថានភាព​ជាក់ស្តែង។

តាំងពី​ថ្ងៃ​សៅរ៍ ភ្នាក់ងា​កាកបាទក្រហម និង​មន្ត្រី​ថ្នាក់​ខេត្ត និង​ថ្នាក់ស្រុក នៅ​ខេត្តកំពត ជា​ខេត្ត​ដែល​បាន​លិច​ទឹក​ខ្លាំង​កាលពី​សប្តាហ៍​មុន បានចាប់ផ្តើម​ផ្តល់ជំនួយ​ចាំបាច់​ដល់​ប្រជាពលរដ្ឋ​ដែល​វិល​មក​លំនៅដ្ឋាន​របស់ខ្លួន​វិញ បន្ទាប់ពី​រត់គេច​ពី​ទឹកជំនន់។
ជំនួយ​សង្គ្រោះ​ទាំងនោះ​មានដូចជា​អង្ករ ម្ហូបអាហារ មី ត្រីខ​ជាដើម។ លើសពីនេះ​ទៀត បើតាម​លោក ខូ​យ ឃុន​ហួរ អភិបាល​ខេត្តកំពត ក្រុម​អ្នក​ជួយសង្គ្រោះ​ពិនិត្យមើល​លំនៅដ្ឋាន​ណា​ដែល​ខូចខាត ដើម្បី​ជួយ​ជួសជុល​ទៅតាម​ស្ថានភាព​ជាក់ស្តែង។
ទឹកជំនន់​ខ្លាំង​ក្នុង​ខេត្តកំពត​ដែល​បង្កឡើង​ដោយសារ​ព្យុះភ្លៀង និង​ការ​បើ​ទ្វារ​ទំនប់ទឹក​វា​រី​អគ្គិសនី​កំចាយ កាលពី​ថ្ងៃទី១៥ ១៦ និង១៧ ខែកញ្ញា ឆ្នាំ២០១៥ បាន​ពន្លិច៥ឃុំ​នៅ​ស្រុក​ទឹកឈូរ និង៣សង្កាត់​ទៀត​ក្នុង​ក្រុង​កំពត ក្នុងនោះ​ផ្ទះ​ប្រជាជន​ប្រហែល៤៣០០ខ្នង និង​ដីស្រែ​ប្រមាណ​ជា៥០០ហិកតា​ស្ថិតក្នុង​ទឹក។ នេះ​បើតាម​ស្ថិតិ​បឋម​ដែល​ផ្តល់​ដោយ​ភ្នាក់ងារ​គ្រប់គ្រង​គ្រោះមហន្តរាយ កាលពី​សប្ដាហ៍​មុន។
ប្រជាជន​បាន​វិលត្រឡប់​ពី​ទីទួល​សុវត្ថិភាព មកកាន់​លំនៅដ្ឋាន​វិញ តាំងពី​ថ្ងៃ​សុក្រ ពេល​ទឹក​ចាប់ផ្តើម​ស្រក​ទៅវិញ។ រហូតមកដល់​ពេលនេះ អាជ្ញា​រធរ​ខេត្តកំពត មិនទាន់​ស្រង់​បាន​ស្ថិតិ​ពិតប្រាកដ​អំពី​ជនរងគ្រោះ និង​ទំហំ​ខូចខាត​ទ្រព្យសម្បត្តិ​នៅឡើយ​ទេ។
លោក ខូ​យ ឃុន​ហួរ អភិបាល​ខេត្តកំពត បានកត់សម្គាល់​ឃើញថា «ដូចជា​មិនមាន​ដល់​ថ្នាក់​ប្រកាសថា​ការបាត់បង់​ប៉ុន្មានលានៗគឺ​អត់​ទេ ហើយ​បើ​និយាយ​ពី​ស្រូវ​វិញ​គឺ​ល្អ​លើស​ដើម» ហើយ​រហូតមកដល់​ថ្ងៃអាទិត្យ ក្រុម​អ្នក​ជួយសង្គ្រោះ​នៅតែ​បន្ត​ផ្តល់ជំនួយ​ដល់​ប្រជាពលរដ្ឋ​មួយចំនួន​ដែលមាន​ការលំបាក និង​រង​ផលប៉ះពាល់​ខ្លាំង៕

ប្រភព៖ បណ្តាញសារព័ត៌មាន វិទ្យុបារាំង Rfi

Advertisements
%d bloggers like this: