ទឹកជំនន់នៅស្រុកមួយចំនួននៃ ខេត្តបាត់ដំបង

បាត់ដំបង ៖ តាម​ការ​បញ្ជាក់​របស់​លោក ជា សុផាត អភិបាលស្រុក​កំរៀង បាន​បញ្ជាក់​ថា រហូត​មក​ទល់នឹង​ម៉ោង​៧​និង​៣០​នាទីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥នេះ ត្រង់​ចំណុច​ច្រក​ទ្វារ​អន្តរជាតិ​ដូង ទឹកជំនន់​ដែល​ចូល​ជន់​នៅក្នុង​អូរ​ព្រំដែន​កម្ពុជា-ថៃ​បាន​ហូរ​កាត់​លើ​ស្ពាន​ឆ្លង​ទៅ​ប្រទេស​ថៃ ដែល​កម្ពស់​ទឹក​៨​តឹក​ហើយ។

បើ​តាម​សេចក្តី​រាយការណ៍​បាន​ឲ្យ​កម្ពុជាថ្មី​ដឹង​ថា ទឹក​ទាំងនោះ​កំពុក​សម្រុក​ចូលក្នុង​ស្ទឹង​កំរៀង​និង ស្ទឹង​កុយ ដែល​ស្ទឹង​ទាំង​២​នេះ​ផ្សារ​ភ្ជាប់​ជាមួយ​ស្ទឹង​ប​ងេ​ល ដោយ​ធ្លាក់​ទៅក្នុង​ស្ទឹង​មង្គលបុរី ហើយក៏​កំពុង​បំផ្លាញ​នៅ​ផ្លូវលំ​នានា​មួយចំនួន ក្នុង​ឃុំ​បឹងរាំង ឃុំ​អូរ​ដា ឃុំ​តា​ក្រី ក្នុងស្រុក​កំរៀង ដែល​បង្ក​ឲ្យ​មានការ​ខូចខាត​ដំណាំ​ជាច្រើន ដូចជា ដំណាំ​សណ្តែកបាយ ត្រូវ​ស្ថិតនៅក្រោម​ទឹកជំនន់ ដែលជា​រដូវ​ប្រមូល​ផល​និង​ដំណាំ​ដំឡូង​មី កំពុង​រលួយ​ជា​បណ្តើរៗ។

សេចក្តី​រាយការណ៍​បាន​បន្ត​ទៀត​ថា ទឹកជំនន់​ទាំងនេះ​គឺ​មិនមែន​មកពី​អូរ​ព្រំដែន​ទាំងស្រុង​នោះទេ គឺ​បណ្ដាលមកពី​ទឹកភ្លៀង ដែល​ធ្វើ​ឲ្យ​អូរ​មួយចំនួន ហូរហៀរ​លិច​ផលដំណាំ​នោះ​គឺ ដូចជា​អូរ​គគី អូរ​ចំបក អូរ​លាត់​ស្វា និង​អូរ​ដា ព្រមទាំង​បាន​ឡើង​ស្មើនឹង​បាត​ស្ពាន​នៃ​ផ្លូវជាតិ​លេខ​៥៧​បេ​ហើយ នៅ​ម៉ោង​នេះ​ផងដែរ។

លោក​អភិបាលស្រុក កំពុង​ប្រកាស​អាសន្ន​ទៅលើ​ឃុំ​ចំនួន​២​គឺ​ឃុំ​តា​សែន និង​ឃុំ​ត្រាំ​ង ដោយសារតែ​ឃុំ​ទាំង​២​នេះ នៅ​ជាប់​នឹង​អូ​ព្រំដែន ហើយ​សន្ទុះ​ទឹក​នៃ​អូរ​ព្រំដែន​កម្ពុជា​ថៃ​នោះ កំពុង​តែមាន​សន្ទុះ​ឡើង​យ៉ាងខ្លាំង ដែល​មិនអាច​ស្មាន​ដល់ ហើយ​ឃ្លាំង​ស្តុក​មួយចំនួន​ដែល​ស្ថិត​នៅក្បែរ​ច្រកព្រំដែន​នោះ ពេលនេះ​កំពុងតែ​ជម្លៀស​ឥវ៉ាន់​និង​ទំនិញ​នានា​ចេញពី​ឃ្លាំង ទៅរក​ទី​មាន​សុវត្ថិភាព​៕

ប្រភព៖ បណ្តាញព័ត៌មានកម្ពុជាថ្មី

ខេត្ត​បាត់ដំបង ៖ សេចក្តីរាយការណ៍​បានឱ្យ​ដឹងថា នៅក្រុង​បាត់ដំបងមេឃមានភាពអួរអាប់ និង​មានភ្លៀង​​ធ្លាក់មក​បន្ត​​​​រហូត នា​វេលា​​ព្រឹក​ថ្ងៃទី​១៧ កញ្ញា ២០១៥ នេះ ដែល​តាម​ដងផ្លូវមួយ​ចំនួួន​ក្នុង​ក្រុង​បាត់ដំបង បាន​ជន់លិច​ដោយ​សារ​​ទឹកភ្លៀង​​ផងដែរ ។ ចំណែក​ឯ​នៅ​ស្ទឹងសង្កែ​វិញ​​ កម្ពស់ទឹក​បាន​ឡើង​បន្តិចហើយ ៕

ប្រភព៖ បណ្តាញព័ត៌មានកោះសន្តិភាព

%d bloggers like this: