ក្រសួង​ធនធានទឹកអំពាវនាវ​ឲ្យ​បង្កើន​ការប្រុងប្រយ័ត្ន​ខណៈ​ទឹកជំនន់​ឡើង​ខ្ពស់​​

​អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក លោក ចាន់ យុ​ត្ថា ថ្លែងប្រាប់​ VOD ថា ខេត្ត​នៅ​តាម​ជាប់​មាត់សមុទ្រដូចជា​ ខេត្ត​កំពត និង​ខេត្ត​ព្រះសីហនុ កំពុង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ដោយ​ទទួលរង​រង​ឥទ្ធិពល​ខ្យល់ព្យុះ​ដែល​បក់​មកពី​ប្រទេស​វៀតណាម។

​លោក ចាន់ យុ​ត្ថា ណែនាំ​ឲ្យ​ប្រជា​នេសាទ​សមុទ្រ និង​អ្នក​ចង់​ទៅ​កម្សាន្ត​នៅតាម​បណ្តាកោះ គួរ​ផ្អាក​សកម្មភាពរហូត​ដល់​ថ្ងៃ​ទី​១៨ ខែកញ្ញា រង់ចាំ​ទឹក​ស្រ​កដើម្បី​ចៀសផុត​ពី​គ្រោះ​ថ្នាក់​នានា​។

សម្លេង៖


អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក​រូបនេះប្រាប់​បន្ថែមថា ស្ថានភាព​ទឹកជំនន់​នៅតាម​ខេត្ត​ជាប់​មាត់​ទន្លេ មិន​មាន​​ស្ថានភាព​ធ្ងន់ធ្ងរដែល​គំរាម​ដល់​ជីវិត​ប្រជាជន​នោះ​ទេ​។ ក៏ប៉ុន្តែ លោកបាន​ដាស់តឿន​ដល់​អ្នក​ដែល​រស់​នៅ​ជាប់​តំបន់​ភ្នំក្រវាញ និង​ភ្នំ​ដង​រែង ឲ្យ​បន្ថែម​ការប្រុងប្រយ័ត្ន ដោយសារ​កម្រិត​ទឹកភ្លៀង​នៅ​តំបន់​ភ្នំ នឹង​កើនឡើង ដែល​អាច​បណ្តាល​កម្ពស់​ទឹកស្ទឹង​ឡើង​ខ្ពស់​អតិបរមា​។​

​ចំណែកអ្នកនាំពាក្យ​គណៈកម្មាការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ លោក កែវ វី ឲ្យដឹងថា ទឹក​ជំនន់​នៅ​ឃុំ​ចំនួន​ប្រាំ ក្នុងស្រុក​ទឹកឈូ ខេត្ត​កំពត មាន​សភាព​ធ្ងន់ធ្ងរ​ជាងគេ បើ​ប្រៀបធៀប​ទៅ​នឹង​កន្លែង​ផ្សេង​ទៀត​។ លោក​បញ្ជាក់ថា មាន​ប្រជាជន​ប្រមាណ​៣៦០០​គ្រួសាររងគ្រោះ ហើយ​ដីស្រែប្រហែល​១៥០០​ហិកតាត្រូវ​លិចលង់​។

នៅ​ម៉ោង​៣​រសៀល ​ថ្ងៃ​ទី​១៧ ខែកញ្ញា​នេះ ស្ថានភាព​ទឹកជំនន់​នៅ​ខេត្ត​កំពតមាន​សភាព​ធូរស្រាល ដោយ​ទឺកស្រ​កចុះប្រមាណ​២ ទៅ​៣តឹក ក៏ប៉ុន្តែផ្ទៃមេឃ​មាន​សភាព​អាប់អួរ ហើយ​មាន​មេឃ​ខ្មៅ​​។ នេះ​បើ​តាម​ការអះអាង​របស់​អ្នកនាំពាក្យ​គណៈកម្មាការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​។​

សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធាន​ទឹក ប្រកាសថា ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​១៨ ខែកញ្ញា ប្រទេស​កម្ពុជា​រង​សម្ពាធ​ទាប​ពី​សមុទ្រ​ចិន​ភាគខាងត្បូង ដែល​បណ្តាល​ឲ្យ​ផ្ទៃមេឃ​នៅ​មាត់សមុទ្រ និង​លើ​ផ្ទៃសមុទ្រមាន​សភាព​អាប់អួរ និង​មាន​ភ្លៀង ព្រម​ទាំង​ខ្យល់​បក់បោក​ខ្លាំង​។ រលក​កម្ពស់​ទឹកសមុទ្រ អាច​កើនឡើង​ពី​ចន្លោះ​១​ម៉ែត្រ ទៅ​២​ម៉ែត្រកន្លះ​។

បើ​តាម​សេចក្តីជូនដំណឹង តំបន់​ដែល​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀងរួមមាន រាជធានី​ភ្នំពេញ ខេត្ត​កំពង់ស្ពឺ កណ្តាល តាកែវ កំពត ព្រះសីហនុ និង​ខេត្ត​សៀមរាប​៕

Advertisements
%d bloggers like this: