រដ្ឋាភិបាល​ចេញអនុក្រឹត្យ​ដោយ​​ផាកពិន័យ​អ្នក​ចោល​សំរាម ម្ចាស់ផ្ទះនិងអាជីវកម្មដែល​​​មិន​គ្រប់គ្រង​សំណល់​តាម​ការណែនាំ​​

រដ្ឋាភិបាល​បាន​ចេញអនុក្រឹត្យ​មួយ​ក្នុង​គោល​បំណង​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ការ​គ្រប់គ្រង​សំរាម សំណល់រឹង​ទីប្រជុំ​ជនឲ្យ​មាន​ប្រសិទ្ធ​ភាព ដោយ​នឹង​ផាកពិន័យ​ប្រជា​ពលរដ្ឋ​ អាជីវកម្ម សហគ្រាស​ឬ​គ្រប់​ហ៊ុន​ផ្សេងៗ ដែល​​មិន​បាន​​អនុវត្ត​តាម​ការណែនាំ​របស់អនុក្រឹត្យនេះ ក្នុង​នោះ​មាន​ការ​ចោល​សំរាម ការវេចខ្ចប់សំរាម​និង​ការ​គ្រប់​គ្រង​សំរាមជាដើម។​

អនុក្រឹត្យ​ស្តី​ពី​ការ​គ្រប់​គ្រង​សំរាម​ សំណល់រឹង​ទីប្រជុំជន ចុះហត្ថលេខា​ដោយ​លោកនាយករដ្ឋមន្រ្តី​​ ហ៊ុន សែន នៅ​ថ្ងៃ​ទី​២៧ខែសីហា ឆ្នាំ​២០១៥ ឲ្យ​ដឹងថាម្ចាស់សំរាម សំណល់រឹង​ទីប្រជុំជន​ត្រូវអនុវត្ត​ការញែក​និង​​ការ​វេចខ្ចប់សំរាម​ សំណល់រឹង​ដែល​អាច​ប្រើ​ប្រាស់ឡើង​វិញ ឬ​កែច្នៃ​បាន​ដោយ​ឡែកពីសំរាម​ សំណល់រឹង​ដែលត្រូវ​បោះចោល​ទៅតាម​ការណែនាំ​របស់​រដ្ឋបាល​រាជធានី ក្រុង​ ស្រុក ខណ្ឌ។​ អនុក្រឹត្យ​​ហាម​ឃាត់​ជា​ដាច់ខាត​នូវ​ការ​បោះ​ចោល​​ឬ​ការ​ដុត​សំរាម​ សំណល់រឹង​ទីប្រជុំ​ជន​នៅតាម​ដង​ផ្លូវ​ ទីសា​ធារណៈ​ ទីវាល​ តាមប្រព័ន្ធ​លូ​ ឬ​ប្រភព​ទឹក​សាធារណៈ​​ឬ​​ក្នុង​​ដី​​កម្ម​​សិទ្ធិ​ឯកជន។​

អនុក្រឹត្យ​បន្ត​ថារូប​វន្ត​បុគ្គល​និង​នីតិ​បុគ្គល​ដែល​ប្រើ​ប្រាស់​ទីសាធារណៈ​សម្រាប់​ការ​ប្រារព្ធ​ឬ​ដំណើរ​ការ​កម្មវិធី​របស់ខ្លួន ​ត្រូវ​ទទួល​ខុសត្រូវ​បង់ថ្លៃ​សេវាសម្អាត​ ប្រមូល​និង​ដឹកជញ្ជូន​សំរាម​ សំណល់​រឹង​ទីប្រជុំជន​ដែល​​បាន​បង្កើត​ក្នុងពិធី​ទៅ​ឲ្យ​អ្នក​ផ្តល់​សេវាប្រមូល​ក្នុង​មូលដ្ឋាន​ ទៅ​តាម​តម្លៃ​ដែល​បាន​កំណត់​ដោយ​រដ្ឋ​បាល​​រាជធានី ក្រុង ​ស្រុក ខណ្ឌ។​

អនុក្រឹត្យ​ឲ្យ​ដឹង​ទៀត​ថា​រដ្ឋបាល​រាជធានី ក្រុង ស្រុក​ ខណ្ឌ ​ត្រូវ​ចាត់ចែង​ឲ្យ​មាន​ធុងសំរាម​សាធារណៈ​និង​ត្រូវ​រៀប​ចំ​ឲ្យ​មាន​សេវា សម្អាត​ ប្រមូល​និង​ដឹកជញ្ជូន​សំណល់រឹងង​ទីប្រជុំជន​ ដែល​បង្កើត​ពី​ការ​លក់​នៅ​តាម​​ដង​ផ្លូវ​និង​ទីសាធារណៈ​ដែលស្ថិតក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន។​ ចំណែក​ម្ចាស់​ឬ​អ្នក​គ្រប់​គ្រង​ផ្សារ​ ទីតាំង​​អាជីវកម្ម​ ទីតាំង​សេវាកម្ម​ ក្រុម​ហ៊ុន រោងចក្រ​ សហគ្រាស សិប្បកម្ម​ មណ្ឌល​កំសាន្ត ត្រូវ​រៀបចំ​ឲ្យ​មាន​​​ធុងសំរាម​នៅក្នុង​ទីតាំង​ឬ​ទីបរិវេណ​សម្រាប់​ការ​ចោល​សំរាម​សំណល់រឹង​ទី​ប្រជុំជន​របស់អតិថិជន​​ឬ​បុគ្គ​លិករបស់ខ្លួន។

បើតាម​អនុក្រឹត្យ បុគ្គល​ដែល​ធ្វើ​ការ​ទុក​ដាក់ វេចខ្ចប់​ឬ​ប្រមូល​និង​ដឹកជញ្ជូន​សំរាម សំណល់រឹង​ទីប្រជុំ​ជន លាយ​​ឡំ​ជាមួយ​សំណល់​រឹង​ឧស្សាហកម្ម​ សំណល់វេជ្ជសាស្រ្ត​ ឬ​សំណល់គ្រោះថ្នាក់​ ត្រូវ​ពិន័យអន្តរការណ៍​​​ជា​ប្រាក់​ចម្លោះ​ពី​៥០ម៉ឺន​ទៅ​១លានរៀល​។ បុគ្គលដែល​ធ្វើ​អាជីវកម្ម​បូម​សំណល់​ភក់ពីប្រព័ន្ធ​លូ ឬ​ពីអាង​ស៊ិបទឹក ដោយ​មិនមាន​​លិខិត​អនុញ្ញាត​ពី​រដ្ឋបាល​រាជធានី​ ក្រុង​ ស្រុក ​ខណ្ឌ ឬ​ដឹកយក​ទៅ​បញ្ចេញចោល​ខុសទីកន្លែង​ដែលអាជ្ញាធ​រ​មាន​សមត្ថកិច្ច​បានកំណត់​ ត្រូវ​ពិន័យ​ជាអន្តរការណ៍​ជា​ប្រាក់​ចន្លោះពី​៤០ម៉ឺន​​ទៅ​១លានរៀល។​ ចំណែក​បុគ្គល​ម្ចាស់ឬ​អ្នក​គ្រប់​គ្រង​ទីផ្សារ​ ទីតាំងអាជីវកម្ម​ ទីតាំង​សេវាកម្ម ក្រុម​ហ៊ុន​​ រោងចក្រ​ សហគ្រាស​ សិប្បកម្ម មណ្ឌល​កំសាន្ត មិន​បាន​រៀបចំ​ឲ្យ​មាន​ធុង​សំរាម​នៅក្នុង​ទីតាំង​ឬ​ទីបរិ​វេណ​សម្រាប​ការ​ចោល​សំរាម សំណល់រឹង​ទីប្រជុំជន​របស់អតិថិជន​ ឬ​បុគ្គលិក​របស់ខ្លួន​ ត្រូវពិន័យ​​អន្តរ​ការណ៍ជា​​ប្រាក់​ចំនួន​៤០ម៉ឺនរៀល​។​

ចំពោះ​បុគ្គល​ដែលគេចវេស​មិន​ទទួល​ខុសត្រូវ​លើ​សំរាម សំណល់រឹង​ទី​ប្រជុំជន ដែល​បាន​បង្កើត​ក្នុងពិធី​នានា​​របស់ខ្លួន​ដែល​ត្រូវ​ប្រារព្ធ​នៅលើ​ដង​ផ្លូវ​ឬ​នៅ​លើទីសាធារណៈ​ត្រូវទទួល​ការពិន័យ​ចាប់ពី​២០ម៉ឺនរៀល​ទៅ​​២លានរៀល។ ចំណែក​បុគ្គល​ដុតសំរាម​តាមទីសាធារណៈ​ សំណល់រឹង​ទីប្រជុំជន​នៅ​លើទីសាធារណៈ​​ តាម​ដងផ្លូវ​ ទីវាល​ ដីសកម្មសិទ្ធិ​ឬ​ទីកន្លែង​ដែល​រដ្ឋបាល​រាជធានី​ ខណ្ឌ​ ក្រុង​ ស្រុ​ក ហាម​ឃាត់ ត្រូវ​ពិន័យ​ជា​ប្រាក់​ពី​៥ម៉ឺនរៀល​ទៅ​១លានរៀល​។

អនុក្រឹត្យ​បញ្ជាក់​បន្ថែម​ថា​បុគ្គល​ដែល​បោះសំរាម​ចោល​ សំណល់រឹង​ទីប្រជុំជន​នៅ​លើ​ទីសាធារណៈ​តាម​ដង​ផ្លូវ ទីវាល​ ដី​កម្មសិទ្ធិ​ ឬទីកន្លែង​ដែល​រដ្ឋបាល​រាជធានី ក្រុង​ ស្រុក ខណ្ឌ ​ហាមឃាត់​ការ​បោះចោល​សំរាម​ សំណល់​រឹង​ ទីប្រជុំ​ជន​ នឹង​ត្រូវ​ពិន័យ​ជា​ប្រាក់​២ម៉ឺនរៀល​ទៅ​៤០ម៉ឺនរៀល។ អនុក្រឹត្យ​បន្ត​ថា​ការមិន​អនុវត្ត​តាម​ការកំណត់​របស់​រដ្ឋបាល​រាជធានី ក្រុង ស្រុក​ ខណ្ឌ​ក្នុង​ការ​ញែក​និង​ការ​វេចខ្ចប់​ដោយ​ឡែ​ក​នូវ​សំរាម សំណល់​រឹង​ទីប្រជុំ​ជន ដែល​អាច​ប្រើប្រាស់​ឡើងវិញ ឬ​កែ​ច្នៃបាន  ត្រូវ​ពិន័យ​ចាប់ពី​១ម៉ឺនរៀលសម្រាប់លំនៅដ្ឋាន ១០ម៉ឺន​សម្រាប់ទីតាំងអាជីវកម្ម​ ទីតាំងសេវាកម្ម​ ទីតាំងសិប្បកម្ម អគារ​ខុន​ដូរ អាប៉ាតឺម៉ែន និង​បុរីលំនៅដ្ឋាន​ និង​២០ម៉ឺនរៀលសម្រាប់​រោងចក្រ សហគ្រាស ក្រុមហ៊ុន​។​

អ្នកនាំពាក្យ​សាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ មានប្រសាសន៍ថា​លោក​មិន​ទាន់​បានឃើញ​អនុក្រឹត្យ​នេះ​នៅ​ឡើយទេ។​

អនុក្រឹត្យ​ឲ្យ​ដឹង​ទៀត​ថា​នីតិវិធី​នៃ​ការ​គ្រប់គ្រង ការ​ចាត់ចែង​ និង​ការ​ប្រើ​ប្រាស់​ចំណូល​ពី​ការ​ពិន័យ​អន្តរការណ៍​នេះ​នឹង​ត្រូវ​កំណត់​ដោយ​ប្រកាសអន្តរ​ក្រសួង​រវាង​ក្រសួង​មហាផ្ទៃ​ ក្រសួង​បរិស្ថាន​និង​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ។​ ចំណែក​រដ្ឋបាលរាជធានី ក្រុង ស្រុក ខណ្ឌ ត្រូវ​ទទួល​ខុសត្រូវ​ក្នុង​ការ​រៀបចំ​យន្ត​ការ​សម្រាប់​ការអនុវត្ត​វិធាន​ការ​ពិន័យ​អន្តរការណ៍​ឲ្យ​មាន​ប្រសិទ្ធភាព។​ អនុក្រឹត្យ​ក៏​បើក​ឲ្យ​មាន​ការ​ប្តឹង​តវ៉ា​ ប្រសិន​បើ​ពលរដ្ឋ​មិន​ពេញ​ចិត្ត​នឹង​ការ​ផាកពិន័យ។​

បើ​តាមអនុក្រឹត្យ រដ្ឋមន្រ្តីទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច​និងហិរញ្ញវត្ថុ រដ្ឋមន្រ្តីក្រសួង​បរិស្ថាន​​ រដ្ឋមន្រ្តីគ្រប់ក្រសួង និង​ប្រធាន​ស្ថា​ប័នពាក់ព័ន្ធ ក្រុម​ប្រឹក្សា​និង​គណៈអភិបាល​ខេត្ត​នៃ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ត្រូវ​ទទួល​បន្ទុក​អនុវត្ត​អនុក្រឹត្យ​នេះ​តាម​ភារកិច្ច​រៀងៗខ្លួន ចាប់ពីថ្ងៃ​ទី​២៧ខែសីហា ឆ្នាំ​២០១៥នេះ​តទៅ៕

ប្រភព៖ បណ្តាញព័ត៌មាន VodHotNews 

%d bloggers like this: