​សង្គម​ស៊ីវិល​ថា រដ្ឋាភិបាល​គួរ​ការពារ​អ្នក​បញ្ចេញមតិ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត ប្រសើ​រជាង​ដាក់ទោស​​

សម្លេង៖

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើ​សិទ្ធិ​មនុស្ស លើកឡើងថា រដ្ឋាភិបាល​គួរ​ការពារ​សិទ្ធិ​អ្នក​បញ្ចេញមតិ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត ជាជាង​ដាក់ទោស​អ្នក​ទាំងនោះ ដោយ​ចាត់ទុកថា រាល់​ការបញ្ចេញមតិ​របស់​ពួកគេ​រួមចំណែក​ដល់​ការអភិវឌ្ឍ​នៅក្នុង​ប្រទេស​កម្ពុជា​។

ការលើកឡើង​នេះ ធ្វើឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី ការផ្សព្វផ្សាយ​សេចក្តីប្រកាស គោលការណ៍​សិទ្ធិ និង​សេរីភាព​អ៊ី​ន​ធើ​ណែ​ត​នៅ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ដែល​រៀបចំ​ដោយមជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​។​

មន្ត្រី​ផ្នែក​ព័ត៌មាន​នៅ​មជ្ឈមណ្ឌល​កម្ពុជា​ ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ​លោក លោក សោ សូ​ទ្ធី មានប្រសាសន៍ថា សេរីភាព​នៃ​ការបញ្ចេញ​មតិ​នៅ​លើ​បណ្តាញ​សង្គម​កម្ពុជា​បច្ចុប្បន្ន មាន​ភាព​ប្រសើរ​ជាង​មុន​បើ​ប្រៀបធៀប​ជាមួយ​ប្រទេសជិតខាង​។ តែ​លោក​បារម្ភ​ថា សេរីភាព​បញ្ចេញមតិ​តាម​បែប​បច្ចេកវិទ្យា​នេះ ​កំពុង​ត្រូវបាន​រឹតត្បិត​ជា​បណ្តើរៗ​ហើយ ខណៈ​ដែល​រដ្ឋាភិបាល​បាន​រៀបចំ​ច្បាប់​គ្រប់​គ្រង់​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត និង​បង្កើត​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​។ លោក​យល់ថា រដ្ឋាភិបាល​គួរតែ​ការពារ​អ្នក​បញ្ចេញមតិ​ក្នុង​ន័យ​ស្ថាបនា ប្រសើរ​ជាង​ដាក់ទោស​ពួកគេ ដែល​លោក​យល់ថា ធ្វើឱ្យ​បង្អាក់​ដល់​អ្នក​បញ្ចេញមតិ​ផ្សេងទៀត​។ លោក​បញ្ជាក់​ថា៖ “ក៏​ប៉ុន្តែយ៉ាង​ណាក៏​ដោយ យើង​​មើល​ឃើញ នៅមាន​បញ្ហា​មួយ​ចំនួន​ដែរ ខ្ញុំ​លើក​ជា​ឧទាហរណ៍​នៃការ​ប្រើប្រាស់​នូវ​យន្តកា​រផ្លូវ​ច្បាប់​ ជា​ពិសេស​ការ​ប្រើ​ប្រាស់​ច្បាប់​ព្រហ្មទណ្ឌ ធ្វើ​ការ​ចាប់​ខ្លួន​អ្នក​ដែល​បាន​បញ្ចញ​មតិ នៅតាម​បណ្តាញ​សង្គម​ថ្មីៗនេះ។ ការ​បញ្ចេញមតិ​នេះ មាន​លក្ខណៈទាក់​ទង​នឹង​នយោបាយ ក៏​ប៉ុន្តែ​យ៉ាង​ណា​ក៏ដោយ យើង​ចង់​ឱ្យ​មាន​ការ​ពិភាក្សា​ឱ្យ​បាន​ដិត​ដល់​ផងដែរ ថា​តើ​ការ​បញ្ចេញ​មតិ​នៅ​លើ​ប្រព័ន្ធ​អ៊ីន​ធើណែត​កម្រិ​តណាគួរ​មាន​ការ​ដាក់​ទោស​​​”

​អ្នកសម្របសម្រួល​គម្រោង​បច្ចេកវិទ្យា​ព័ត៌មាន​ និង​សារគមនាគមន៍ ICT នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​ លោក ង៉ែត ម៉ូ​សេ មានប្រសាសន៍ថា អ្នក​បញ្ចេញមតិ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត​គឺ​មិន​សុទ្ធតែ​ល្អ​ទាំងអស់ ហើយក៏​មិនអាក្រក់​ទាំងអស់​នោះ​ដែរ​។ តែ​លោក​ថា រដ្ឋាភិបាល​ត្រូវ​ពិចារណា ឬ​សិក្សា​ឲ្យបាន​ច្បាស់លាស់​មុន​នឹង​ដាក់ទោស​អ្នក​ដែល​បញ្ចេញមតិ​ក្នុង​ន័យ​ស្ថាបនា​។ លោក​លើក​ឧទាហរណ៍​ថា ក្នុងករណី​ថ្មីៗ​រដ្ឋាភិបាល​បាន​ចាប់​យុវជន​ម្នាក់ ​ដែល​សរសេរ​រឿង​បដិវត្តន៍​ពណ៌​លើ​ហ្វេ​សប៊ុក​ផ្ទាល់ខ្លួន​របស់​គេ​ដែល​ករណី​នេះ ​រដ្ឋាភិបាល​ត្រូវ​សិក្សា​ឲ្យបាន​ច្បាស់លាស់​។ លោក​ថា​មួយវិញទៀត យុវជន​នោះ​គ្មាន​អំណាច ឬ​ឥទ្ធិពល​អ្វី​ដែល​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ចូល​រួមបដិវត្តន៍​នោះទេ ៖ “ការ​បញ្ចេញមតិ​ដូច​គ្នា​ដែរ ឧទារហរណ៍​ថា ឧទាហរណ៍ថា បដិវត្តន៍​ពណ៌។ បដិវត្តន៍​ពណ៌​ហ្នឹង​ តើ​គាត់​ទៅ​កៀងគរ​[មនុស្ស]បានមក​ពីណា តើ​គាត់​មាន​សមត្ថភាព​ទៅ​កៀង​គរ​គេ​ទេឱ្យ​ទៅធ្វើ​តាម​គាត់​ហ្នឹង គាត់​ជា​មនុស្ស​ដែល​គេ​ល្បីទេ មើល​ស្ថាន​ភាព​អ៊ីចឹ​ងដែរ​​”។

​នាយក​ការិយាល័យ​បទល្មើស​បច្ចេកវិទ្យា​នៃ​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង​ នៃ​អង្គ​ស្នងការ​នគរបាល​ជាតិ​ លោក ហាយ មករា មានប្រសាសន៍ថា ការបង្កើត​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នេះ មិន​មាន​ចេតនា​គំរាមកំហែង​ដល់​សិទ្ធិសេរីភាព​ល​រដ្ឋ​ក្នុង​ការបញ្ចេញមតិ​តាម​អ៊ី​ន​ធើ​ណែ​ត​នោះទេ គឺ​ផ្តោតលើ​ប្រយោជន៍​រួម​។ លោក​សង្កត់ធ្ងន់​ថា ពលរដ្ឋ​អាច​បញ្ចេញ​បាន​តាម​ច្បាប់​រដ្ឋធម្មនុញ្ញ​ដែល​មានចែង តែ​រាល់​ការបញ្ចេញមតិ​នោះ​ត្រូវ​ធានា​ថា​មិន​ប៉ះពាល់​ដល់​សិទ្ធិ​អ្នក​ដទៃ និង​សន្តិសុខ​សង្គម​។ លោកថា៖ “ចង់​ឱ្យ​បងប្អូន​ទាំងអស់​គ្នា​ពិនិត្យ​មើ​លទៅលើច្បាប់ ជា​ជាង​ដែលថា​ យើង​បញ្ចេញមតិ​ហើយថា រដ្ឋាភិបាលបិទសិទ្ធិ​សេរីភាព​មិន​ឱ្យ​បញ្ចេញ។ ស្រប​តាម​រដ្ឋធម្មនុញ្ញ​នៃព្រះរាជាណាចក្រកម្ពុជា មាត្រា​៤១ គឺ​ប្រជាពលរដ្ឋ​ទាំងអស់​មាន​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​ ប៉ុន្តែ​នៅ​ក្នុង​មាត្រា​នោះ​ដដែល ​បាន​ចែង​ថា គ្មាន​ជន​ណា​ម្នាក់​អាច​ប្រើ​ប្រាស់​​សិទ្ធិសេរីភាព​នេះ ​ធ្វើ​ឱ្យ​រំលោភដល់​សិទ្ធិ​សេរីភាព​អ្នក​ដទៃ​បាន​ទេ។ អ៊ីចឹង​មាន​ន័យ​ថា សិទ្ធិ​របស់​យើង ប៉ុន្តែស្ថិត​នៅ​ក្រោម​បន្ទាត់​ច្បាប់ អ៊ីចឹង​ការ​បញ្ចេញមតិ​ដែល​លើ​សពី​បន្ទាត់​ច្បាប់​ គឺ​មាន​ន័យថា ខុស​នឹង​ច្បាប់។​ អ៊ីចឹង​ច្បាប់​គឺ​មាន​ចែង​​”

​ថ្មីៗ​រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ បង្កើត​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ដោយ​អះអាង​ថា ដើម្បី​ទប់ស្កាត់​គ្រោះថ្នាក់​ទាក់ទង​នឹង​ការ​ញុះញង់​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត ខណៈ​ដែល​រដ្ឋាភិបាល​កំពុង​ធ្វើ​សេចក្តីព្រាងច្បាប់​គ្រប់​គ្រង​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត​។​

​សេចក្តីថ្លែងការណ៍​ស្តីពី​គោលការណ៍​សិទ្ធិ​អ៊ី​ន​ធើ​ណែ​ត​នៅ​កម្ពុជា ចេញ​ដោយ​អង្គការ​សង្គម​ស៊ីវិល​ប្រមាណ២០ នៅថ្ងៃនេះរួមមាន  ការពារ​សិទ្ធិមនុស្ស​លើ​អ៊ី​ន​ធើ​ណែ​ត សិទ្ធិ​ប្រើប្រាស់​អ៊ី​ន​ធើ​ណែ​ត សិទ្ធិ​ខាង​ការបញ្ចេញ​មតិ​លើ​អ៊ី​ន​ធើ​ណែ​ត សិទ្ធិ​ប្រមូលផ្តុំ និង​ចូលរួម​លើ​អ៊ី​ន​ធើ​ណែ​ត និង​សិទ្ធិ​ទទួលបាន​ព័ត៌មាន​លើ​អ៊ី​ន​ធើ​ណែ​ត​ជាដើម​៕

ប្រភព៖ បណ្តាញសារព័ត៌មាន VodHotNews 

%d bloggers like this: