កិច្ចប្រជុំលើកទី២៦ នៃឧត្ដមមន្រ្ដីបរិស្ថានអាស៊ាន

នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ថ្ងៃទី០៩-១០ ខែកញ្ញា ឆ្នាំ២០១៥ ប្រតិភូក្រសួងបរិស្ថាន នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយឯកឧត្ដម វ៉ាន់ មុនីនាថ បានបន្តចូលរួមកិច្ចប្រជុំលើកទី២៦ នៃឧត្ដមមន្រ្ដីបរិស្ថានអាស៊ាន ដើម្បីពិនិត្យពិភាក្សាលើលទ្ធផលរបស់ក្រុមការងារអាស៊ានទទួលបន្ទុកការប្រែប្រួលអាកាសធាតុ ការងារនិរន្តរភាពបរិស្ថានទីក្រុង ការងារអភិរក្សធម្មជាតិ និងជីវចម្រុះ ការងារអប់រំបរិស្ថាន ការងារគ្រប់គ្រងធនធានទឹក ការងារបរិស្ថានតំបន់ឆ្នេរសមុទ្រ ការងារកិច្ចព្រមព្រៀងបរិស្ថានពហុវិស័យ ការងារបំពុលផ្សែងអ័ព្ទឆ្លងដែន និងការងាររបស់មជ្ឈមណ្ឌលអាស៊ានទទួលបន្ទុកជីវៈចម្រុះ។ អង្គប្រជុំ បានពិភាក្សានិងអនុម័តជាគោលការណ៍ ៖

(ក)សេចក្តីព្រាងនៃសេចក្ដីថ្លែងការណ៍រួមអាស៊ានស្ដីពីការប្រែប្រួលអាកាសធាតុសម្រាប់សន្និសិទ្ធ ភាគីលើកទី២១(COP21)

(ខ)សេចក្តីព្រាងនៃសេចក្ដីថ្លែងការរួមអាស៊ាន-សហគមន៍អឺរុបស្តីពីការប្រែប្រួលអាកាសធាតុ

(គ) សេចក្តីព្រាងនៃប្រកាសអាស៊ានក្រោយឆ្នាំ២០១៥ ស្តីពីនិរន្តរភាពបរិស្ថាននិងការប្រែប្រួលអាកាសធាតុ

(ឃ)សេចក្តីព្រាងផែនការយុទ្ធសាស្រ្តអាស៊ានស្តីពីកិច្ចសហការបរិស្ថាន

(ង)សេចក្តីព្រាងផែនការយុទ្ធសាស្រ្ដអាស៊ានជីវចម្រុះ២០១៦-២០២០

(ច) សេចក្តីព្រាងផែនការសកម្មភាពតំបន់ស្ដីពីឧទ្យានបេតិកភ័ណ្ឌអាស៊ាន២០១៥-២០២០ និង

(ឆ)សេចក្តីព្រាងយុទ្ធសាស្ដ្រអាស៊ាន-ចិនស្តីពីកិច្ចសហប្រតិបត្ដិការបរិស្ថាន២០១៦-២០២០

សេចក្តីព្រាងនៃសេចក្ដីថ្លែងការណ៍រួម និងផែនការយុទ្ធសាស្រ្តទាំងអស់នេះ នឹងត្រូវដាក់ឆ្លងសុំការអនុម័តនៅក្នុងកិច្ចប្រជុំផ្លូវការលើកទី១៣ នៃរដ្ឋមន្រ្តីបរិស្ថានអាស៊ាន នៅថ្ងៃទី ២៦-៣០ ខែតុលា ឆ្នាំ២០១៥ នាទីក្រុងហាណូយ នៃសារធារណរដ្ឋសង្គមនិយមវៀតណាម។

ប្រភព៖ គណនេយ្យហ្វេសប៊ុកផ្លូវការរបស់ក្រសួងបរិស្ថាន 

%d bloggers like this: