លោក ហ៊ុន សែន ប្រកាស​លេង​ល្បែង​បញ្ចប់​ជីវិត​នយោបាយ​ជាមួយ​មេ​ដឹក​នាំ​បក្ស​ប្រឆាំង

Rfa

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន សួរ​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ចោទ​រដ្ឋាភិបាល​ប្រើប្រាស់​ផែនទី​ក្លែងក្លាយ ក្នុង​ការ​កំណត់​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម នោះ ថា​តើ​ហ៊ាន​ចុះ​ចេញ​ពី​តំណែង​ដែរ​ឬ​ទេ ប្រសិន​រក​មិន​ឃើញ​ដូច​ការ​ចោទ​ប្រកាន់​នោះ?

ការ​សួរ​បក​យ៉ាង​ដូច្នេះ គឺ​នៅ​បន្ទាប់​ពី លោក ហ៊ុន សែន ប្រកាស​ប្ដេជ្ញា​ចិត្ត​រួច​ហើយ​ថា នឹង​ចុះ​ចេញ​ពី​តំណែង ហើយ​ដើរ​ចូល​ពន្ធនាគារ​ប្រសិន​បើ​ផែនទី​រដ្ឋាភិបាល​កំពុង​ប្រើប្រាស់ មិន​ដូច​នឹង​ផែនទី​របស់​បារាំង ឲ្យ​ខ្ចី៖ «ឥឡូវ អ្នក​ដែល​យក​មក​ចោទ​គេ ថា​ផែនទី​ក្លែងក្លាយ​នោះ តើ​ហ៊ាន​លាលែង​ពី​តំណែង​ឬ​អត់? នេះ​ជា​ចម្លើយ​បក​ទៅ​វិញ​អំពី​ការ​ទទួល​ខុស​ត្រូវ​រៀង​ខ្លួន លើ​មុខ​ប្រវត្តិសាស្ត្រ​របស់​ជាតិ។ ការ​ភូត​កុហក​ដែល​មាន​ចរិត​គ្រោះថ្នាក់​ឲ្យ​ជាតិ គឺ​ជា​ឧក្រិដ្ឋកម្ម​ដ៏​ធ្ងន់ធ្ងរ។ ខ្ញុំ​ព្រះករុណា​ខ្ញុំ​ប្រើ​ពាក្យ​ថា ជា​ការ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម ហើយ​ជា​ឧក្រិដ្ឋជន​តែ​ម្តង»

ការ​ប្រកាស​លេង​ល្បែង​បញ្ចប់​ជីវិត​នយោបាយ​ពី​សំណាក់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​៨ ខែ​កញ្ញា នេះ នៅ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ពី​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ យ៉ាង​ណា​នៅ​ឡើយ​ទេ ខណៈ លោក សម រង្ស៊ី និង​លោក កឹម សុខា កំពុង​មាន​បេសកកម្ម​នៅ​ក្រៅ​ប្រទេស​នោះ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់​ថា នេះ​ជា​ល្បែង​ប្រថុយ​នឹង​គ្រោះថ្នាក់ តែ​ជា​ល្បែង​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ ព្រោះ​ជា​ប្រយោជន៍​របស់​ជាតិ។ លោក ហ៊ុន សែន បន្ថែម​ថា ផែនទី​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​ចរិត​សាហាវ​ជាង​សត្វ​អាសិរពិស​នោះ ក៏​ដូច​គ្នា​នឹង​ផែនទី​របស់​រដ្ឋាភិបាល​ដែរ។ បញ្ហា​នេះ លោក​យល់​ថា ដោយសារ​គេ​លាក់​ទុក​ផែនទី​នេះ​យូរ​ពេក ទើប​បាន​ជា​គណបក្ស​សង្គ្រោះ​ជាតិ យក​ចំណុច​ទាំង​នោះ​ទៅ​បោក​ប្រជាពលរដ្ឋ និង​បង្អាប់​បន្ទោស​ទៅ​លើ​ផែនទី​រដ្ឋាភិបាល។

មក​ទល់​ពេល​នេះ គណបក្ស​សង្គ្រោះ​ជាតិ មិន​ទាន់​បង្ហាញ​ជំហរ​ជាក់លាក់​នៅ​ឡើយ ថា​តើ​គណបក្ស​ប្រឆាំង​ទទួល​ស្គាល់​ផែនទី​របស់​រដ្ឋាភិបាល​កំពុង​ប្រើប្រាស់ ឬ​យ៉ាង​ណា​នោះ?៕

ប្រភព៖ បណ្តាញសារព័ត៌មានអាស៊ីសេរី RFA

Advertisements
%d bloggers like this: