មូលហេតុដែលបង្កឲ្យកើតមានជំនន់ទឹកភ្លៀងក្នុងក្រុង ព្រមទាំងផែនការណ៍យុទ្ធសាស្រ្ត

ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ នៅរសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៥នេះ បានផ្តល់បទសម្ភាសខ្លីមួយជាមួយអ្នកសារព័ត៌មានទូរទស្សន៏ និងកាសែតជាតិដែលទាក់ទិនទៅនឹងបញ្ហាជំនន់ទឹកភ្លៀងកាលពីល្ងាចថ្ងៃទី១សីហា២០១៥កន្លងមក ដែលធ្វើអោយ​ជន់​លិចតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ ។​បន្ទាប់ពីមានការសួរជាសំនួរ លោកប្រធាន បានលើកឡើងតាមលំដាប់លំដោយថា កាលពីថ្ងៃទី០១ សីហាកន្លងមកនេះកម្រិតទឹកភ្លៀងពិតជាមានកម្រិតខ្លាំងដោយមានកំពស់រហូតដល់១០៣មីលីម៉ែត្រ កម្រិតនេះកុំថាឡើយនៅរាជធានីភ្នំពេញ ទោះបីជានៅទីក្រុងប្រទេសផ្សេងក៏លិចដែរ ។ សម្រាប់រាជធានីភ្នំពេញ ប្រសិនបើកម្រិតទឹកភ្លៀងកំពស់មិនដល់៤០មីលីម៉ែត្រក្នុងមួយម៉ោងគឺមិនលិចធ្ងន់ធ្ងរនោះទេ ប៉ុន្តែបើលើសពីនេះ ច្បាស់ជាលិចមិនខានឡើយ គ្រាន់តែការលិចនោះ ទឹកស្រកវិញប្រើពេលវេលាខ្លីជាងមុនប៉ុណ្ណោះ ។ ទោះបីជាយ៉ាងណាក្តីយើងក៏មានមោទនភាពផងដែរ ដោយចាប់ពីចូលរដូវវស្សាផ្តេីមពីខែឧសភា មិថុនានិងខែកក្កដា ៣ខែកន្លងមកនេះមានភ្លៀងធ្លាក់ជាច្រើនលើកដែរ តែតំបន់មួយចំនួនដែលធ្លាប់លិច បែរជាមិនមានការលិច ដោយសារតំបន់មួយចំនួននោះយើងបានដាក់បណ្តាញលូធំៗជាច្រើនកន្លែង អាចរំដោះទឹកភ្លៀងបាន ដែលនេះជាការបង្ហាញអោយឃើញពីប្រសិទ្ធភាពនៃការដាក់បណ្តាញលូ ក្រោមយុទ្ធសាស្ត្រដឹកនាំរបស់លោកប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។​លោកសាំ ពិសិដ្ឋ បានលើកឡើងទៀតថា មូលហេតុនៃការលិចដោយជំនន់ទឹកភ្លៀង គឺមានមូលហេតុដូចខាងក្រោមៈ
-សណ្ឋានដីទីក្រុង ជាទំនាបរាងបាតខ្ទះ ព័ទ្ឋជុំវិញដោយទំនប់ ងាយរងគ្រោះដោយជំនន់ទឹកភ្លៀងនិងជំនន់ទឹកទន្លេ។
-ការបម្រែបម្រួលអាកាសធាតុបណ្តាលអោយភ្លៀងធ្លាក់ខ្លាំងនិងមានរយ:ពេលខ្លី លើសពី៤០មីលីម៉ែត្រក្នុងមួយម៉ោង។
-បណ្តាញលូមានទំហំតូច និងចាស់ទ្រុឌទ្រោម សល់តាំងពីសង្គមរាស្ត្រនិយម ដែលយើងមិនទាន់បានផ្លាស់ប្តូរអស់ ។
-សមត្ថភាពនៃស្ថានីយ៍មូបទឹកមិនគ្រប់គ្រាន់។
-ការសាងសង់លេីប្រឡាយនិងអាងស្តុកទឹក ជាពិសេសបឹងត្របែកតែម្តង ដែលបឹងនេះមានមុខងារទទួលទឹក ពី៦០%ទៅ៧០% នៃតំបន់ក្នុងទីក្រុង។
-កំណេីននៃការប្រេីប្រាស់ទឹកស្អាតបង្ហូរចូលបណ្តាញលូ។
-បញ្ហាសម្រាមនៅមាត់លូនិងអណ្តូងលូ ដែលធ្វើអោយទឹកស្ទះមិនហូរ។
-អណ្តូងលូមួយចំនួន ត្រូវបានបិទភ្ជិត ឬលុបចោល។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្រោយពីភ្លៀងទឹកបានស្រកយ៉ាងលឿនជាងឆ្នាំមុនៗ ដែលទីតាំងខ្លះស្រកក្នុងរយ:ពេលតែ ១៥នាទី ខ្លះ៣០នាទី ខ្លះ ១ឬ ២ម៉ោងប៉ុណ្ណោះ មិនដូចពេលមុនៗមួយយប់ទល់ភ្លឺក៏ទឹកនៅមិនទាន់ស្រកអស់ផង ។
លោកប្រធាន បានបញ្ជាក់ទៀតថា សាលារាជធានីភ្នំពេញ បាននឹងកំពុងខិតខំធ្វើការកសាងហេដ្ឋារចនាសម្ព័ន្ឋលូ ប្រឡាយជារៀងរាល់ថ្ងៃ ដែល​លទ្ឋ​ផល​​បានកាត់បន្ថយការលិចទឹកនៅក្នុងឆ្នាំ២០១៥នេះ បានប្រមាណ ៣០%នៃផែនការ។
តំបន់ដែលបន្ថយការលិចលង់មានៈ តំបន់មុខវាំង តំបន់ផ្សារកណ្តាល ផ្លូវហ្សាលដឺហ្គោល ផ្លូវសុកហុក តំបន់អូរឫស្សី ផ្លូវលេខ១៦៣ខាងកេីតស្តាត​អូឡាំពិក មុខវត្តមហាមន្ត្រី ផ្សារទួលទំពូង មុខស្ថានទូតចិន ផ្លូវត្រសក់ផ្អែម តំបន់ព្រឹទ្ឋសភា ផ្លូវវេងស្រេង…។
ជាទិសដៅសាលារាជធានីភ្នំពេញនឹងជុំរុញរៀបចំដោះស្រាយទឹកលិចនៅទីតាំងមួយចំនួនទៀតដូចខាងក្រោម:
-ស្តុបផ្សារដេប៉ូ នឹងដាក់លូទំហំ ១.៥ម លេីផ្លូវលេខ៣៣៦ ពីផ្លូវនេរុហ៍ដល់ប្រឡាតបឹងសាឡាង។
-ផ្លូវកម្ពុជាក្រោម នឹងដាក់លូទំហំ ១.៥ម លេីផ្លូវលេខ២៥៧ ពីផ្លូវកម្ពុជាក្រោមដល់ប្រឡាយបឹងសាឡាង។
-ផ្លូវលេខ៤៧ ផ្លូវលេខ៩០ និងវត្តភ្នំ នឹងដាក់លូប្រអប់ទំហំ ១.៥មបួនជ្រុង លេីផ្លូវលេខ៩០ ពីផ្លូវលេខ៤៧ដល់ទន្លេសាប។
-សាងសង់ស្ថានីយ៍បឹងត្របែកថ្មី ស្ថានីយ៍ទួលគោកទី១ ស្ថានីយ៍ទួលគោកទី២…។
លោកបន្តថា : ការដាក់បណ្តាញលូមេនៅឆ្នាំ២០១៤ សម្រេចបានប្រវែង ៥៥គីឡូម៉ែត្រ ដែលធ្វេីអោយបច្ចុប្បន្នមានបណ្តាញលូសរុបប្រវែង ៥១៥គីឡូម៉ែត្រនៅក្នុងរាជធានីភ្នំពេញ ។ ក្នុងខណៈនេះ ការដ្ឋានស្ថាបនាលូប្រឡាយនៅរាជធានីភ្នំពេញមានចំនួន ២២ការដ្ឋាន៕

ប្រភព៖ បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្លូវការរបស់សាលារាជធានីភ្នំពេញ

%d bloggers like this: