យុទ្ធសាស្រ្តរបស់ក្រសួងបរិស្ថានក្នុងសកម្មភាពបន្សាំបម្រែបម្រួលអាកាសធាតុក្នុងប្រទេសកម្ពុជា

នាយកដ្ឋានប្រែប្រួលអាកាសធាតុនៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពនៃក្រសួងបរិស្ថានបានរៀបចំកិច្ចប្រជុំពីការត្រៀមចុះសិក្សាប្រមូលព័ត៌មានពីវិធានការបន្សុំា និងភាពធន់នឹងការប្រែប្រួលអាកាសធាតុ

នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៥ នៅទីស្តីការក្រសួងបរិស្ថាន ជាមួយក្រុមការងារការបន្សុំានឹងការប្រែប្រួលអាកាសធាតុ និងក្រសួងដែលអនុវត្តគម្រោងវិនិយោគក្រោមកម្មវិធីយុទ្ធសាស្ត្រសម្រាប់ភាពធន់នឹងអាកាសធាតុ ដែលអញ្ជើញមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងសាធារណការ និងដឹកជញ្ជូន
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងកិច្ចការនារី និងគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ។

កិច្ចប្រជុំនេះ មានគោលបំណង៖

១. ដើម្បីកសាងទំនាក់ទំនងជាមួយខេត្តគោលដៅនៃគម្រោងវិនិយោគក្រោមកម្មវិធី SPCR ដែលជាខេត្តត្រូវបានជ្រើសរើសសម្រាប់ការវាយតម្លៃស៊ីជម្រៅពីភាពងាយរងគ្រោះ និងការបន្សុំានឹងការប្រែប្រួលអាកាសធាតុ។

២. ស្វែងយល់ និងចងក្រងវិធានការបន្សុំាដែលមានស្រាប់ទាំងតាមបែបប្រពៃណី និងទំនើបលើការអនុវត្តល្អ និងមិនល្អនៅក្នុងវិស័យកសិកម្ម ធនធានទឹក និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងទីក្រុង។

៣. ប្រមូលបទពិសោធន៍នានាដើម្បីចងក្រង និងបង្កើតឯកសារណែនាំនីតិវិធី និងស្តង់ដារពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធ។

អង្គប្រជុំក៏បានបង្ហាញពីការអនុវត្តល្អៗទាក់ទងនឹងការបន្សុំានឹងការប្រែប្រួលអាកាសធាតុពីក្រៅប្រទេសដូចជានៅហ្វីលីពីន កេនយ៉ា បង់ក្លាដេសជាដើម។

តាមរយៈកិច្ចប្រជុំនេះ ក្រសួងពាក់ព័ន្ធនឹងកំណត់តំបន់ជាក់លាក់ក្នុងការចុះសិក្សាប្រមូលទិន្នន័យជាមួយក្រសួងបរិស្ថាននៅខេត្តគោលដៅទាំង៣ រួមមានខេត្តព្រៃវែងពីថ្ងៃទី២៤ដល់ទី២៨ ខែសីហា។ ចំណែកខេត្តបាត់ដំបង និងកំពង់ធំ នឹងចុះនៅថ្ងៃទី១៤ដល់២៥ ខែកញ្ញា។

ប្រភព៖ បណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ក្រសួងបរិស្ថាន

%d bloggers like this: