ការផ្សព្វផ្សាយអនុក្រិត្យនគរូបនីយកម្ម រាជធានី ក្រុង និងទីប្រជុំជន

គណៈអភិបាលទាំង១២ និងថ្នាក់ដឹកនាំការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលខណ្ឌទាំង១២ ធ្វើការប្ដេជ្ញាចិត្ត រួមគ្នាអនុវត្តតួនាទី-ភារកិច្ចឲ្យបានខ្ជាប់ខ្ជួន ក្នុងការទប់ស្កាត់បទល្មើសសំណង់ នៅក្នុងដែនសមត្ថកិច្ចដើម្បីរួមចំណែកស្ដារ និងអភិវឌ្ឍន៍ទីក្រុង ឲ្យមានសណ្ដាប់ធ្នាប់ របៀបរៀបរយ និងធានាបាននូវសោភ័ណភាព នគរូបនីយកម្ម ស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន ដូចខាងក្រោម៖ ១-ទប់ស្កាត់ការសាងសង់គ្មានលិខិតអនុញ្ញាត ឲ្យបានដាច់ខាត ក្នុងនោះ ត្រូវយកចិត្តទុកដាក់ណែនាំម្ចាស់សំណង់ ឲ្យបំពេញសំណុំបែបបទស្នើសុំលិខិតអនុញ្ញាតសាងសង់ ទៅតាមការកំណត់របស់លិខិតបទដ្ឋានគតិយុត្តដែលមានជាធរមាន។ ២-ត្រួតពិនិត្យ និងទប់ស្កាត់ ឲ្យបានទាន់ពេលវេលា ចំពោះសំណង់ដែលសាងសង់ខុសពីលិខិតអនុញ្ញាត។ ៣-តាមដានជាប់ជាប្រចាំ នូវរាល់សំណង់ដែលបានណែនាំឲ្យផ្អាកការដ្ឋាន រហូតដល់ម្ចាស់សំណង់ទទួលបានលិខិតអនុញ្ញាតសាងសង់ត្រឹមត្រូវពីសមត្ថកិច្ចជំនាញជាមុនសិន ទើបអនុញ្ញាតឲ្យម្ចាស់សំណង់បន្តការសាងសង់។ ៤-ចំពោះសំណង់ដែលបានសាងសង់រួចហើយ ដោយគ្មានលិខិតអនុញ្ញាតសាងសង់ នឹងត្រូវធ្វើការណែនាំ ដើម្បីឲ្យម្ចាស់សំណង់ ដាក់ពាក្យស្នើសុំធ្វើនិយ័តកម្មស្របតាមនីតិវិធី ក្របខ័ណ្ឌគតិយុត្ត និងលក្ខខណ្ឌបច្ចេកទេសសមស្រប។ ៥-សកម្មកែលម្អជាប្រចាំ ក្នុងការកំណត់ការប្រើប្រាស់ចិញ្ចើមផ្លូវ ដើម្បីដោះស្រាយឲ្យខានតែបាន ចំពោះសំណង់អនាធិបតេយ្យ ការតសំយាប ការបិទបាំង ការផ្សាយពាណិជ្ជកម្ម ឬ សកម្មភាពទាំងឡាយដែលគ្មានការអនុញ្ញាត។ ទន្ទឹមនឹងនេះ ចូលរួមគ្រប់គ្រង រៀបចំ និងថែទាំចិញ្ចើមផ្លូវ ដងផ្លូវ ដើមឈើ បង្គោលភ្លើង បណ្ដាញក្រោមដី និងបរិក្ខារបម្រើផលប្រយោជន៍សេវាសាធារណៈនានា។ ចាប់ពីពេលនេះតទៅ សាលាខណ្ឌ សាលាសង្កាត់ ការិយាល័យជំនាញ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ប្ដេជ្ញារួមគ្នាអនុវត្ត នូវរាល់វិធានការខាងលើនេះ ឲ្យទទួលបានលទ្ធផលជាវិជ្ជមាន៕

Source; https://www.facebook.com/media/set/?set=a.438346176346140.1073742074.219779514869475&type=1 

%d bloggers like this: