ចៅហ្វាយក្រុង​ភ្នំពេញ បញ្ជា​ឲ្យ​វ៉ៃ​លូ​ប្រអប់ នៅ​ប្រឡាយ​លូ​ប្រាំ ដែលមាន​ការរំលោភ

ភ្នំពេញ​: លោក​អភិបាល​រាជធានី​ភ្នំពេញ បាន​ព្រមាន​ខ្លាំងៗ ទៅលើ​ម្ចាស់​បុរី​មួយចំនួន នៅ​តំបន់​លូ ៥ ក្នុងនោះ​មាន​លោកឧកញ៉ាផ្កាយបី ណឹម ម៉េង ក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ និង​ម្ចាស់​បូរី​នៅ​តំបន់ ផ្លូវ​លេខ​២០០៤ ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ដោយមាន​ការឃុបឃិត​គ្នា ជាមួយ​អាជ្ញាធរ និង​មន្ត្រី នៃ​មន្ទីរជំនាញ​មួយចំនួន ដែល​បាន​ចាក់ដី​លប់​ប្រឡាយ និង​សាងសង់​ប្រព័ន្ធ​លូ​ប្រអប់​តូច​មួយ ជំនួស​វិញ ហើយ​ចាក់ដី​លុប​យក​ប្រឡាយ ដើម្បី​សង់​បូរី ដោយ​មិនបាន​អនុវត្ត តាម​គោលការណ៍ និង​លក្ខណៈ​បច្ចេកទេស របស់​សាលា​រាជធានី​ភ្នំពេញ​ឡើយ​។

​ប្រភព​បាន​រាយការណ៍​ថា លោកឧកញ៉ាផ្កាយបី ណឹម ម៉េង បាននិងកំពុង​ចាក់ដី​លុប​ប្រឡាយ​លូ​ប្រាំ ដើម្បី​សង់​បូរី​លក់ ឲ្យ​អតិថិជន ដែល​មិន​ដឹងអី​។ ប្រឡាយ​លូ​ប្រាំ ចាប់ពី​ចំណុច​ផ្លូវ​វេ​ង​ស្រេង រហូត​ទៅដល់​ចុង​ប្លុក​ផ្ទះល្វែង របស់លោក លឹម ម៉េង ត្រូវបាន​លោកឧកញ៉ាផ្កាយបី ណឹម ម៉េង ចាក់ដី​លុប ហើយ​បានធ្វើ​លូ​ប្រអប់​តូច​មួយ ចំ​កណ្តាល​ប្រឡាយ​លូ​ប្រាំ ដើម្បី​រំដោះ​ទឹកស្អុយ ចេញពី​តំបន់​នោះ​។ ប៉ុន្តែ​នៅ​រដូវវស្សា ដែលមាន​ភ្លៀង​ច្រើន ទឹក​ក៏​ច្រើន​នោះ ប្រឡាយ​លូ​ប្រាំ ប្រអប់​តូច​មួយ​នេះ មិនអាច​ទ្រទ្រង់​ទឹក​ដ៏​ច្រើន យ៉ាងគំហុក​បានឡើយ ដែលជា​ហេតុ​ធ្វើ​ជន់​លិច ទីក្រុង​ភ្នំពេញ​។​

​ក្រោយ​ចុះទៅពិនិត្យ​ជាក់ស្តែង នៅ​តំបន់​លូ​ប្រាំ​រួចមក លោកប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជា​ឲ្យ​ខាង​មន្ទីរ​សាធារណការ និង​ជញ្ជូន​រាជធានី​ភ្នំពេញ កាយ​ដី​ចេញពី​ប្រឡាយ​លូ​ប្រាំ​ឲ្យ​អស់ និង​វ៉ៃ​លូ​ប្រអប់ ដែល​លោកឧកញ៉ាផ្កាយបី ណឹម ម៉េង សង់​រំលោភ​នោះ​ចេញ ហើយ​សាងសង់​លូ​ចំហរ​ជំនួស​វិញ ដែលមាន​ទំហំ​ប៉ុន​ប្រឡាយ​លូ​ប្រាំ តាម​ទ្រង់ទ្រាយ​ដើម​។

​ពាក់ព័ន្ធ​ករណីនេះ កាលពី​រសៀល​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៤ លោកប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ និង​មន្ត្រី​នៃ​មន្ទីរជំនាញ​នានា អាជ្ញាធរ​ខណ្ឌមានជ័យ និង​ខណ្ឌ​សែន​សុខ បាន​អញ្ជើញ​ចុះទៅ​ជួបប្រជុំ​ជាមួយ ម្ចាស់​បូរី​មួយចំនួន នៅក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ដែល​សាងសង់​បូរី នៅ​ផ្លូវ​២០០៤ និង​ម្ចាស់​បូរី​មួយចំនួន នៅ​តំបន់​លូ​ប្រាំ ក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដែល​កំពុង​សាងសង់​បូរី​រួច ហើយ​លោក​បាន​នាំ​ម្ចាស់​បូរី​ទាំងនោះ និង​មន្ត្រី​ជំនាញ ព្រមទាំង​អភិបាល និង​អភិបាលរងខណ្ឌ​ទាំង​២ ចុះទៅ ពិនិត្យ​ស្ថានភាព​ជាក់ស្តែង ពី​ការស្ថាបនា​ប្រព័ន្ធ​លូ រំដោះ​នៅ​តំបន់​លូ​ប្រាំ តំបន់​ផ្លូវ​២០០៤ និង​ប្រឡាយ​បារាំង ស្ថិតនៅ​ព្រំប្រទល់​ខណ្ឌ​ចំនួន​៣ គឺ​ខណ្ឌមានជ័យ ខណ្ឌ​ពោធិ​សែន​ជ័យ និង​ខណ្ឌ​សែន​សុខ ថែម​ទៀតផង​។​

​ក្រោយ​ចុះទៅពិនិត្យ​ជាក់ស្តែង នៅ​តំបន់​ខាងលើ​រួចមក លោកប៉ា សុជាតិ​វង្ស បាន​អះអាងថា សាលា​រាជធានី​ភ្នំពេញ មិនអាច​ទទួលយកបាន​ទេ សំណង់​ប្រព័ន្ធ​លូ ដែល​ធ្វើ​ដោយ​ចិត្ត​ឯង របស់​ម្ចាស់​បុរី​មួយចំនួន រួមទាំង​មានការ​ឃុបឃិត ពី​មន្ត្រី​អាជ្ញាធរ និង​មន្ត្រី​នៃ​មន្ទីរ​ពាក់ព័ន្ធ​មួយចំនួនទៀត ដូច្នេះ​តម្រូវ​ឲ្យ​ម្ចាស់​បូរី សហការ​ជាមួយ​អង្គភាព នៃ​មន្ទីរជំនាញ​សាលា​រាជធានី កែលម្អ​ឡើងវិញ នូវ​ប្រព័ន្ធ​លូ ដែល​ធ្វើ​ខុស​លក្ខណៈ​បច្ចេកទេស ខាងលើ​។​

​លោក​អភិបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​ដល់​ម្ចាស់​បូរី​ទាំងអស់ ដែល​បានដាក់​ប្រព័ន្ធ​លូ នៅក្នុង​បូរី​របស់ខ្លួន​រួចហើយ ដែល​នៅ​មិនទាន់បាន​ត​ភ្ជាប់ មក​ប្រព័ន្ធ​ប្រឡាយ និង​លូ​មេ របស់​សាលា​រាជធានី​ភ្នំពេញ ត្រូវ​សហការ​ជាមួយ មន្ទីរជំនាញ​អនុវត្ត ជាមួយ​អង្គភាព​ជំនាញ ដោយ​ភ្ជាប់​ប្រព័ន្ធ​លូ ឲ្យ​បាន​ប្រទាក់ក្រឡា​គ្នា ជា​ប្រយោជន៍ ដើម្បី​រំដោះ​ទឹក​ចេញ ឲ្យ​បាន​ទាន់ពេលវេលា ពីព្រោះ​ដោយសារតែ​ប្រព័ន្ធ​លូ បច្ចុប្បន្ន ស្មុ​គ្រ​ស្មាញ និង​ពុំមាន​ប្រភព​នាំ​ទឹក​ចេញ​ក្រៅ​បូរី ពេល​ស្ទះ​ទឹក ពិតជា​រក​ប្រភព​មិនឃើញ​ឡើយ បណ្តាល​ឲ្យ​លិចលង់ នៅ​រដូវវស្សា​មិន​ខាន​។​

​លោក ប៉ា សុជាតិ​វង្ស ក៏បាន​ណែនាំ​ឲ្យ​មន្ត្រី​ជំនាញ ប្រជុំ​ពិភាក្សាគ្នា ជាបន្ទាន់​ឡើងវិញ ជាមួយ​ម្ចាស់​បូរី ពី​ការកែសំរួល​បច្ចេកទេស ដើម្បី​ដោះ​ទឹក​នៅ​តំបន់​លូ​៥ ផ្លូវ​២០០៤ ផ្លូវ​ណរ​ប្រ៊ី​ត តំបន់​ប្រឡាយ​បារាំង ដែល​ពេលនេះ ត្រូវបាន​ប្តូរ​ពី​ប្រឡាយ មក​ដាក់​ជា​ប្រព័ន្ធ​លូ​វិញ​។ នៅក្នុងពេល​ចុះ​ពិនិត្យ ស្ថានភាព​ជាក់ស្តែង​នេះដែរ លោក​អភិបាល បាន​ជម្រុញ​ឲ្យ​មន្ទីរជំនាញ ក៏ត្រូវ​ពិនិត្យ​លទ្ធភាព លើ​ការសាងសង់​ទ្វា​ទឹក ១ កន្លែង នៅ​ប៉ែក​ខាងក្នុង​ផ្លូវ​ចោមចៅ និង​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ស្ថាបនា ផ្លូវ​ចោមចៅ ឬ​វេ​ង​ស្រេង សាងសង់​លូ​កាត់​ផ្លូវ​ចំនួន ៣ ខ្សែ​ដើម្បី​រំដោះ​ទឹក​ចេញ ពី​ផ្នែក​ខាងក្នុង ចេញទៅ​ក្រៅ​តំបន់ ដោយ​បង្កើត​ច្រកចេញ ឲ្យ​បាន​ច្រើន​កន្លែង​។​

​លោក​អភិបាល​រាជធានី​ភ្នំពេញ បាន​ព្រមាន​ដកយក ការសាងសង់​ប្រព័ន្ធ​លូ នៅ​តំបន់​លូ​ប្រាំ និង​ផ្លូវ​២០០៤ ខាងលើនេះ មក​អនុវត្ត​ដោយ​ខ្លួនឯង បើ​ក្រុមហ៊ុន ឬ​ម្ចាស់​បុរី មិន​អនុវត្តតាម​ការណែនាំ របស់​សាលា​រាជធានី​ភ្នំពេញ​។ ជំនន់​ទឹកភ្លៀង នឹង​លិច​កាន់តែ ខ្លាំង នៅពេល​ខាងមុខ បើ​មិន​គោរព​តាម​បច្ចេកទេស​។

​ពាក់ព័ន្ធ​ទៅនឹង​ការរិះគន់ ខាងលើនេះ មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ដែនដី​មួយចំនួន ហាក់ដូចជា​មិន​ចង់​និយាយ ឲ្យ​បាន​ពិស្តារ ពាក់ព័ន្ធ​នឹង​ការស្ថាបនា​ប្រព័ន្ធ​លូ នៅ​តំបន់​ខាងលើនេះ​ទេ​។​

​សូមបញ្ជាក់ថា កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៤ លោកប៉ា សុជាតិ​ង្ស អភិបាល​រាជធានី​ភ្នំពេញ និង​ក្រុមការងារ បាន​ចុះ​ត្រួត​ពិនិត្យមើល​ប្រឡាយ​លូ​ប្រាំ នៅ​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ម្តង​រួចមកហើយ ហើយ​ក៏បាន​បញ្ជា​ឲ្យ​ផ្អាក ការសាងសង់​លូ​ប្រអប់​ដ៏​តូច​មួយ​នេះ ជា​បណ្តោះអាសន្ន​។ ប៉ុន្តែ​ទោះជា​យ៉ាងណា លោក លឹម ម៉េង ជា​ម្ចាស់​ផ្ទះល្វែង នៅតែ​ចចេស ចាក់ដី​រំលោភ​យក​ប្រឡាយ​លូ​ប្រាំ សង់ផ្ទះ​ល្វែង​ដដែល និង​បាន​សង់​លូ​ប្រអប់​នោះ បន្តទៀត ដោយ​មិន​គោរព​បទបញ្ជា​ផ្ទាល់មាត់ របស់​ចៅហ្វាយ ក្រុង​ឡើយ​។ លូ​ប្រាំ ដែលមាន​ទំហំ​ទទឹង ២៥ ម៉ែត្រ បែរជា​មក​សង់​លូ​ប្រអប់ ដែលមាន​ទំហំ​៨​ម៉ែត្រ កប់​ក្នុង​ដី​។​

​លោក ប៉ា សុជាតិ​វង្ស បាន​និយាយថា “​ស្ថានភាព​អាក្រក់​បំផុត​បែបនេះ រឿង​អី មក​ធ្វើ​អីចឹង យើង​កំពុង​ធ្វើ​ប្រឡាយ​ធំ ហេតុ​អី​មក​ធ្វើ​អីចឹង​។ រឿងនេះ ត្រូវធ្វើ​ឡើងវិញ មិនត្រូវ​បិទ​លូ​ទេ ត្រូវធ្វើ​ចំហរ និង​ធ្វើ​ច្រាំង​ឲ្យ​បាន​ស្អាត​ត្រឹមត្រូវ​។ ចំណែក​អគារ​ផ្ទះល្វែង​របស់ គាត់ ត្រឹមណា ឲ្យ​ធ្វើ​ត្រឹមនោះ​ទៅ​”៕V.S

 

 

អភិបាល​ចុះ​ពិនិត្យ​ប្រឡាយ​លូ​

– See more at: http://www.cen.com.kh/local/13575999#sthash.im3MGHTk.dpuf

Advertisements
%d bloggers like this: