វប្បធម៌សន្ទនា របស់អ្នកនយោបាយកម្ពុជា

ថ្ងៃទី ២៤ មេសា ឆ្នាំ ២០១៥
លោក​នាយករដ្ឋ​មន្ត្រីហ៊ុន សែន​ និង​លោក​សម រង្ស៊ី ​ប្រមុខ​បក្ស​ប្រឆាំង ​នឹង​ជួប​សំណេះ​សំណាល​ជាមួយ​ពលករ​ខ្មែរ​ នាថ្ងៃ​រសៀល​ថ្ងៃសៅរ៍ ​ទី​២៥​មេសា​ស្អែក​នេះ ​នៅ​ប្រទេស​ម៉ាឡេស៊ី។ នេះជាជំនួប​ដែល​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជនកម្ពុជា និង​សង្គ្រោះជាតិ សុទ្ធតែអះអាងថា គឺដើម្បីបង្ហាញ​ឲ្យ​ពលរដ្ឋខ្មែរ នៅបរទេស បាន​ឃើញ​និង​មាន​ទំនុក​​ចិត្ត​ ​លើ​វប្បធម៌​សន្ទនា​របស់​ប្រមុខ​ដឹកនាំបក្សទាំងពីរ។
នេះគឺជាលើកទី២ហើយ ដែល​ប្រមុខបក្ស​ប្រឆាំង និង​បក្ស​កាន់អំណាច សម្រេចដើររួម​គ្នា ដើម្បីប្រជាពលរដ្ឋខ្មែរ។ គេ​នៅចាំបាន​ថា​ កាលពីលើកទី១ គឺប្រមុខដឹកនាំទាំងពីរ បាន​អង្គុយ​លើវេទិកាព្រឹត្តិការណ៍អង្គរសង្ក្រាន្ត​រួមគ្នា នៅខេត្តសៀមរាប ក្នុងថ្ងៃចូលឆ្នាំខ្មែរ​។ ហើយ​លើក​ទី២នេះ គឺនៅថ្ងៃទី២៥មេសា មេដឹកនាំទាំងពីរ បាន​សម្រេចរួម​គ្នា សំណេះ​សំណាល​ជាមួយ​ពលករខ្មែរ នៅប្រទេសម៉ាឡេស៊ី។ ទោះបីជាលោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ត្រូវបំពេញ​ទស្សនកិច្ច​នៅ​ម៉ាឡេស៊ី ក្នុង​ក្របខណ្ឌ​ការងារ​អាស៊ាន និង​លោក​សម រង្ស៊ី ត្រូវទៅទីនោះ ក្នុងបេសកកម្ម​ការងារនយោបាយ​គណបក្ស​ក៏ដោយ ក៏ប៉ុន្តែតាម​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក​ឈឹម ផលវរុណ ការជួបគ្នាលើកនេះ គឺដោយសារ មេដឹកនាំទាំងពីរ ចង់បង្ហាញ​ប្រាប់ពលរដ្ឋខ្មែរ នៅ​ក្រៅ​ប្រទេស ឲ្យ​មានភាពកក់ក្តៅ ពីសុខសន្តិភាព និងការ​អភិវឌ្ឍ នៃ​របត់នយោបាយ​ នៅកម្ពុជា។តាម​លោក​ឈឹម ផលវរុណ ទោះបីជាគណបក្ស​ទាំងពីរ មាន​និន្នាការ​នយោបាយ​ខុស​គ្នា​ពិត​មែន ប៉ុន្តែប្រមុខបក្ស​ទាំងពីរ សុទ្ធតែមាន​ឈាម​ជ័រជាខ្មែរ ដែល​អាចនិយាយ​គ្នាបាន ហើយ​នយោបាយ​ខ្មែរ ត្រូវតែមាន​វប្បធម៌សន្ទនា ដោយ​មិន​យក​តាម​លំនាំនយោបាយ​បរទេស​ជា​ដាច់ខាត។ ចំនែក​លោក​យឹម សុវណ្ណ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះជាតិវិញ បាន​បញ្ជាក់​ប្រាប់វិទ្យុ​បារាំង​ថា​ ការ​ដើររួមគ្នានៃប្រមុខបក្ស​ប្រឆាំង និងបក្ស​កាន់អំណាចនេះ គឺមិន​មែន​មាន​ន័យ​ថា​គណបក្ស​​សង្គ្រោះជាតិ​ មាន​ភាពទន់ជ្រាយ​ ជ្រេរខ្លួន​ទៅរក​បក្ស​កាន់អំណាចនោះទេ។ បក្ស​ប្រឆាំង នៅតែរក្សាជំហរ​ និ​ងគោល​នយោបាយ​របស់ខ្លួនជានិច្ច។ តាម​លោក​យឹម សុវណ្ណ ភាពស្និទ្ធស្នាលនេះ គឺ​ជាការ​ថ្លឹងថ្លែង​ស្ថានការណ៍​ ដើម្បីត្រៀម​​ផ្ទេរអំណាចពីមេដឹកនាំមួយ ទៅមេដឹកនាំមួយទៀត។​ គេនៅមិន​ទាន់ដឹងពីប្រធានបទ ដែល​ប្រមុខដឹកនាំបក្ស​ទាំងពីរ នឹងលើកយក​ទៅពិភាក្សា​ពេល​ជួបគ្នា នៅប្រទេសម៉ាឡេស៊ីនោះទេ។ ប៉ុន្តែបើតាម​លោក​ឈឹម ផលវរុណ បញ្ហាសុខទុក្ខ​​របស់​ពលករខ្មែរ នៅម៉ាឡេស៊ី គឺជា​ប្រធាន​រឿងសំខាន់ដែល​ប្រមុខទាំងពីរ នឹង​ត្រូវពិភាក្សា។ ប្រមុខបក្ស​ទាំងពីរ នឹង​ស្តាប់ពី​ទុក្ខ​កង្វល់ និង​សំណូម​ពររបស់ពលករខ្មែរ នៅទីនោះ ហើយ​បន្ទាប់មក​ប្រមុខដឹកនាំទាំងពីរ នឹង​ពិភាក្សាគ្នា ដើម្បីរក​ដំណោះស្រាយ​ចំពោះបញ្ហា​ទាំង​នោះ​។ សូម​បញ្ជាក់ថា ការ​ជួប​សំណេះសំណាលជាមួយ​ពលករខ្មែរ នៅប្រទេសម៉ាឡេស៊ីនោះ នឹងធ្វើឡើង នៅវេលាម៉ោង ៤និង៣០នាទី ថ្ងៃសៅរ៍ទី ២៥មេសា នៅសណ្ឋាគារ Hilton Double Tree Hotel ក្នុងទីក្រុង​កូឡាឡាំពួរ​ ប្រទេសម៉ាឡេស៊ី៕
រូបភាពខ្លះៗ ដែលទាក់ទងនឹងព្រឹត្តការណ៍នេះ

 

 

ដកស្រង់ពី៖
– បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ឯកឧត្តម សម រង្សុី ៖ https://www.facebook.com/media/set/?set=a.895795037143897.1073742273.520708567985881&type=1
– បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ឯកឧត្តម នាយករដ្ឋមន្ត្រី ហ៊ុន សែន ៖ https://www.facebook.com/permalink.php?story_fbid=820741907974308&id=111975152184324
%d bloggers like this: