ប្រទេសកម្ពុជាពីឆ្នាំ 1430 ដល់1950 (ភាគបញ្ចប់)

សតវត្សទី២០

ចលនាស្នេហាជាតិនៅកម្ពុជា និងលាវប្រឆាំងអាណានិគមបារាំង

នៅប្រទេសដែលជាអាណានិគមន៍របស់ខ្លួន បារាំងមិនជម្រុញឲ្យវិស័យអប់រំឡើងខ្ពង់ខ្ពស់ទេ។ កូនអ្នកធំឬកូនអ្នកមានអាចមានលទ្ធភាពខ្លះទៅបន្តវិជ្ជា វែងឆ្ងាយ តែរាស្ត្រទូទៅវិញបារាំងទុកឲ្យចេះល្មមៗគ្រាន់នឹងបម្រើការតែប៉ុណ្ណោះ។ ទោះជាមានអ្នកចេះលើសមធ្យម ក៏តំណែងដែលឲ្យកាន់នោះជាតំណែងរាជការធម្មតាដែលមិនមែនកាន់កាប់ដោយបារំាង។ មានតែវៀតណាមទេ ដែលចលនាប្រឆាំងកកើតឡើងគួរឲ្យចាប់អារម្មណ៍។ តែសង្គ្រាមលោកលើកទី២ ធ្វើឲ្យស្ថានការណ៍ទូទៅផ្លាស់ប្តូរ ត្បិតជប៉ុនឈ្នះនៅអាស៊ី ហើយចូលមកអាស៊ីអាគ្នេយ៍កែប្រែរបបគ្រប់គ្រងនានា។ បន្ទាប់មកថ្វីបើពួក សម្ព័ន្ធមិត្តឈ្នះវិញនៅឆ្នាំ១៩៤៥ ក្តី ក៏អំណាចពួកមេអាណានិគមន៍លែងខ្លាំងដូចមុនទៀតហើយ។ ដូច្នេះចលនារកឯករាជ្យដែលខ្លះផ្អែកលើជប៉ុន ខ្លះមិនផ្អែកលើជប៉ុន ក៏មានកម្លាំងជាងមុនឆ្ងាយដោយសារមេទន់ខ្សោយ។ មានន័យថាភាពវឹកវរក៏មានច្រើនដែរ ពេលដែលបារាំងចូលមកស្រុកវិញ ត្បិត មុននោះបន្តិចសោះ ជប៉ុនបង្ខំឲ្យព្រះករុណានរោត្តមសីហនុប្រកាសឯករាជ្យនៅខែមិនាឆ្នាំ១៩៤៥ តែខ្លួនគេចាប់ផ្តើមត្រួតត្រាខ្មែរ ហើយបានតែប៉ុន្មានខែ ពោលគឺនៅខែតុលា ១៩៤៥ បារាំងចូលមកវិញ។ អ្នកខ្លះដែលផ្អែកខ្លួនដេកដួលលើជប៉ុនដូចជា លោកសឺងង៉ុកថាញ់ ក៏ត្រូវបារំាងចាប់ខ្លួន។ នៅខែមករា ឆ្នាំ១៩៤៦ មានកិច្ចព្រមព្រៀងសម្របសម្រួលហៅថា Modus Vivendi ដែលប្រកាសថាកម្ពុជាជារដ្ឋមានស្វ័យភាពនៅក្នុងសហភាពបារាំង។

Advertisements
%d bloggers like this: