ប្រទេសកម្ពុជាពីឆ្នាំ 1430 ដល់1950 (ភាគ៣)

ព្រះជ័យជេដ្ឋាសុគតនៅឆ្នាំ១៦២៧ ដោយគ្មាននរណានឹកស្មានទុកមុន ហើយដោយពុំទាន់មានគម្រោងឲ្យនរណាស្នងរាជ្យផង។ ព្រះញាតិវង្សក៏ប្រេះឆាឡើង រហូតដល់វាយប្រយុទ្ធតែគ្នាឯង។ គ្រាន់តែពីឆ្នាំ១៦២៧ ដល់១៦៤២ តែប៉ុណ្ណោះមានក្សត្រ ៤អង្គ ដែលឡើងសោយរាជ្យជាបន្តបន្ទាប់គ្នា។ គឺព្រះឧទ័យដែលជាឧបរាជឆ្លាតវាងវែនោះទេដែលកាន់អំណាចពិតប្រាកដ តែដែលពុំព្រមឡើងជាព្រះមហាក្សត្រតាមការយាងរបស់មន្ត្រីសេនាបតីឡើយ ដោយទុកព្រះពញាតូជា បុត្រពៅនៃព្រះជ័យជេដ្ឋាឲ្យគង់នៅលើរាជបល្ល័ង្គ។ ក្រោយមកដោយសាររឿងស្នេហា ជម្លោះក៏កើតឡើងរវាងព្រះឧទ័យ និងព្រះពញាតូ។ ការប្រយុទ្ធខ្លាំងក្រោយបំផុតធ្វើឡើងនៅព្រែកព្នៅ ហើយព្រះពញាតូត្រូវពួកព័រទុយហ្គេបាញ់សុគតដោយនឹងកាំភ្លើង។

មន្ត្រីសេនាបតីយាងព្រះឧទ័យឲ្យឡើងសោយរាជ្យទៀត តែព្រះអង្គនៅតែមិនព្រម ហើយឲ្យព្រះពញានូវ ដែលជាប្អូនចុងព្រះពញាតូឡើងសោយរាជ្យបន្តទៅទៀត។ ការប្រេះឆាក៏ចេះតែមានតទៅទៀតមិនឈប់សោះ ទីបំផុតទៅព្រះឧទ័យក៏ត្រូវក្សត្រមួយអង្គ គឺព្រះញាចន្ទ្រធ្វើឃាត។

ពញាចន្រ្ទឡើងសោយរាជ្យ តែអំណើះតទៅព្រះរាជវង្សបែកបាក់ហិនហោចស្ទើរអស់។ ខ្លះបែទៅរកយួន ខ្លះបែទៅរកសៀមដើម្បីបានអំណាច។ ព្រះពញាចន្ទ្រ ពុំមែនជាក្សត្រខ្ពង់ខ្ពស់គួរឲ្យហៅថាព្រះរាជាទេ។ ថ្ងៃមួយព្រះអង្គទតយល់ស្រីក្រមុំឥស្លាមម្នាក់ដែលមានរូបសម្រស់ស្អាតក៏ដណ្តឹងយកមកគង់នៅវាំងជាមហេសី​។​ មិនតែប៉ុណ្ណោះ ព្រះអង្គ បានចូលសាសន៍ ឥស្លាមដោយយកនាមថា Ibrahim ។ ក្រោយមកទៀតមជ្ឈដ្ឋានវាំងទ្រាំមិនបានក៏មានការឃុបឃិតលួចលាក់ ហើយ បះបោរ។ ក្នុងនោះគឺក្សត្រនានានៃព្រះញាតិវង្សមិនចុះសម្រុងគ្នាទេ មួយរត់ទៅខាងមួយ​ មួយរត់ទៅខាងមួយទៀត ហើយសម្រេចចុងក្រោយទៅ គឺយួនម្ខាង សៀមម្ខាង ដែលសម្លឹងមើលហើយលូកដៃតាមផ្លូវទ័ពមក។ យួនលូកដៃខ្លាំងណាស់ក្នុងព្រឹត្តការណ៍ប្រេះឆានោះ ជាពិសេសនៅឆ្នាំ ១៦៥៨។

មិនតែប៉ុណ្ណោះបន្ទាប់មកចិនក៏មានលូកដៃដែរ។ នៅឆ្នាំ ១៦៧៣ ដល់ ១៦៧៤ យូនលើកទ័ពមកវាយជាលើកទីពីរ ឯលើកទី៣ គឺនៅចន្លោះឆ្នាំ ១៦៨២ ដល់ ឆ្នាំ ១៦៨៨។ តមកទៀតក៏ជម្លោះ និងការរត់រកបក្សពួកជាមួយបរទេសនៅតែបន្តគ្មានពេលល្ហែឡើយ រហូតមលដល់ឆ្នាំ ១៦៩៨ ដែលយួនក្តោបក្តាប់បានពេញដៃនូវ​ខេត្តព្រៃនគរ និងខេត្តដូនណៃរបស់ខ្មែរ។ យួនយកមេទ័ពគេធំៗ មកឲ្យកាន់កាប់ខេត្តទាំងនោះ ហើយដឹកមនុស្សយួនដោយចាប់បង្ខំឲ្យមករស់នៅទីនោះឲ្យបាន ច្រើន។ ប៉ុណ្ណោះហើយក៏យួននៅតែមកវាយលុកខេត្តកំពង់ឆ្នាំង និងក្រុងលង្វែកទៀត។

បើនិយាយពីផ្នែកទី១ នៃស.វ.ទី១៨ គឺគ្មានស្តេចខ្មែរណាមួយសោយរាជ្យបានស្ថិតស្ថេរយូរឡើយ។ អស្ថិរភាពមានពេញទី។ សៀមកាន់ជើងជួយពួកណាដែលមិនរត់ទៅរកយួន ឯខ្មែរវិញគ្មានចំណេញអ្វីសោះឡើយ។ នៅពេលដែលក្សត្រខ្មែរប្រជែងគ្នាពុំចប់នោះ យួនមករស់នៅអុកឡុកពាសពេញ Mytho និង Vinh Long ដែលកាលនោះជាដីខ្មែរ។

Advertisements
%d bloggers like this: