ប្រទេសកម្ពុជាពីឆ្នាំ 1430 ដល់1950 (ភាគ១)

​ខ្មែរបោះបង់ចោលរាជធានីអង្គរ ពោលគឺបោះបង់វាលទំនាបសៀមរាបមកនៅវាលទំនាបកណ្តាលនៃប្រទេសកម្ពុជាវិញ ដែលមានទន្លេ៤មុខជាចំណុចសំខាន់។ ការបោះបង់នោះបណ្តាលមកពីសៀមវាយលុកពុំឈប់ឈរ ហើយច្រើនសតវត្សមកទៀតក៏នៅតែទទួលរងការវាយលុកពីសៀម រហូតមកដល់ស.វទី១៧ ដែលយួនវាយពីម្ខាងទៀតផង។

សង្រ្គាមខ្មែរ សៀមពីស.វ​ ទី១៤ ដល់ ស.វ ទី១៦

នៅឆ្នាំ១៣៥២ សៀមមកវាយលុកអង្គរម្តង។ នៅរវាងឆ្នាំ១៣៩០ ក៏មានមកវាយម្តងទៀត។ វាយខ្លាំងជាទី៣គឺនៅឆ្នាំ១៤៣១-៣២ ដែលធ្វើឲ្យខ្មែររត់ចុះមក នៅខាងក្រោមវិញ។ ពេលនោះព្រះរាជាគឺព្រះបាទពញាយ៉ាត។

ព្រះរាជាអង្គនេះយករាជធានីមកតាំងទីលំនៅតាមតំបន់ទន្លេប្រសព្វមុខ ពោលគឺភ្នំពេញ ក្រោយពីគង់នៅម្តុំស្រីសន្ធរមួយរយៈពេលខ្លី។ សង្គ្រាមឬការបះ បោរកើតឡើងជាញឹកញាប់រហូតដល់ឆ្នាំ១៤៧៤ ដែល នាយកន ធ្វើឃាតព្រះបាទធម្មរាជាហើយប្រកាសខ្លួនឯងជាស្តេច។ ក្រោយមកទើបព្រះបាទអង្គចន្ទ្រ ដែលជាបុត្រព្រះធម្មរាជាសម្លាប់ស្តេចកនបាន ហើយឡើងសោយរាជ្យតាមទំនៀមវិញ។

ព្រះបាទអង្គចន្រ្ទសាងបន្ទាយលង្វែក ព្រោះទ័ពសៀមចូលមកវាយខ្មែរញឹកញាប់ណាស់។ កាយវិការវិសេសមួយនៃព្រះបាទអង្គចន្ទ្រ​គឺព្រះអង្គយាងទៅអង្គរ វិញហើយរៀបចំរាជធានីចាស់នោះតាមលទ្ធភាពដែលធ្វើទៅបាន។ ក្សត្រដែលសោយរាជ្យក្រោយៗមកក៏យកតម្រាប់តាមព្រះអង្គ គឺថាសុទ្ធតែយាងទៅ ជួសជុលនិងធ្វើបុណ្យនៅអង្គរ ជាពិសេសព្រះបាទបរមរាជានិងព្រះសត្ថា។​ ខ្មែរងើបឡើងមួយរយៈពេលដែរ មានទាំងជួយជាកម្លាំងដល់សៀមដើម្បីវាយ ភូមាផង។ រីឯជម្លោះជាមួយសៀមក៏មានគឺមានរហូតដល់ឆ្នាំ១៥៩៤​ ដែលព្រះនរេសូរនៃប្រទេសសៀមឲ្យទ័ពមកវាយទាល់តែធ្លាយបន្ទាយលង្វែក។

ពេលនោះ​ ក្សត្រខ្មែរមួយអង្គទៀតគង់នៅខេត្តជើងព្រៃមិនមកជួយព្រះសត្ថាឡើង ព្រោះចង់ឡើងសោយរាជ្យខ្លួនឯងវិញ។ ព្រះសត្ថាព្រមទាំងក្រុមញាតិវង្ស រត់ភៀសព្រះអង្គទៅស្រុកលាវ ហើយបន្តិចមកនោះ ព្រំរាមជើងព្រៃ ក៏ដេញសៀមចេញ ហើយឡើងសោយរាជ្យនៅ ស្រីសន្ធរ ។ តែព្រះអង្គវាតឥទ្ធិពលបាន តែទៅលើតំបន់ ខ្លះៗប៉ុណ្ណោះព្រោះរាស្ត្រមួយភាគធំមិនព្រមទទួលស្គាល់រាជ្យនោះឡើយ។

Advertisements
%d bloggers like this: