វិធីសាស្រ្តក្នុងការដាំដំណាំត្រកួនគោកឬត្រកួនចិន

សូមជម្រាបសួរបងប្អូនទាំងអស់គ្នា

តើបងប្អូនសុខទុកយ៉ាងណាដែរ?
បើមានបងប្អូនមានជម្ងឺ ខ្ញុំសូមជូនពរអោយឆាប់ជាសះស្បើយ….!!ថ្ងៃនេះខ្ញុំបាទសូមលើកយកវិធីសាស្រ្តក្នុងការដាំដំណាំបន្លែ

គឺការដាំត្រកួន…!!ខ្ញុំជាវិស្វករតែខ្ញុំបាទពិតជាមានចំណាប់អារម្មណ៏មែនទែនចំពោះរឿងកសិកម្មដូច្នេះបើសិនជាបង​ ប្អូនមានជាឯកសារផ្សេងទៀត សូមជួយផ្តល់អោយខ្ញុំផង…សូមអរគុណទុកជាមុនណា..!!
ឯកសារខាងលើនេះខ្ញុំបានដកស្រង់ចេញពីសៀវភៅ ផលិតកម្មដំណាំស្រូវ និងបន្លៃដែលរៀបរៀងដោយអង្គការសេដាក់ កម្ពុជាក្នុងកម្មវិធីគាំទ្រការបណ្តុះបណ្តាលអភិវឌ្ឍន៏សហគមន៏……។ សូមចុចទីនេះដើម្បីទាញយកឯកសារ

ត្រកួនគោកឬត្រកួនចិន Water Convolvulus

ត្រកួនឋិតនៅក្នុងសណ្តាន Convolvulaccae មាន

– ឈ្មោះវិទ្យាសាស្រ្ត: Ipmoea aguatica

– ឈ្មោះជាភាសាអង់គ្លេស: Water convolvulus,Water spinach, kang kong

– ឈ្មោះជាភាសាបារំាង​ : Liseron déau

I. សារះសំខាន់

ត្រកួនជាដំណាំបន្លែមួយប្រភេទដែលងាយស្រួលដាំដុះជាងគេ។ វាមានអាយុកាលដុះលូតលាស់ខ្លីហើយអាច បរិភោគបានទាំងដើមទាំងស្លឹក។
ត្រកួនសម្បូរទៅដោយរូបធាតុចិញ្ចឹម ជាពិសេសដូចជាប្រូតេអ៊ីនដែក ប៉ូតាស្យូម​ និងវិតាមីន អា បេ និងសេ ។ល។

ដំណាំត្រកួនអាចដាំដុះលើដីគ្រប់ប្រភេទអាចដាំក្នុងទឹកបឹង ស្រះ ត្រពាំង ចម្ការ និងដីតាមមាត់ទន្លេ។
បន្លែត្រកួនអាចឆ្លើយតបបានតាមសេចក្តីត្រូវការ និងឆាប់រហ័សទាន់ចិត្តបំផុតបើគេស្រោចជីអ៊ុយរ៉េ ឬជីធម្មជាតិ។
គេនិយមបរិភោគត្រកួនជាអន្លក់ស្រស់ឬស្រុះ ស្លរ ឆា ស្ងោរ ញុំា ។ល។
ត្រកួនអាចដាំបាននៅគ្រប់រដូវ គឺដាំបន្តរហូតអោយតែមានទឹកគ្រប់គ្រាន់ ។
ពពួកត្រកួនដាំនៅលើគោក គេនិយមហៅថាត្រកួនគោក ឬត្រកួនចិន

II. ការជ្រើសរើសពូជ

គ្រាប់ពូជត្រកួនល្អត្រូវមានលក្ខណះដូចតទៅ៖

-​ គ្រាប់ធំល្អមានអត្រាដុះខ្ពស់

– ដើមថ្លោសៗដូះឈរត្រង់ហើយវែងខ្នែងរង្វើលៗ

– គ្មានជម្ងឺឬសត្វល្អិតស៊ីបំផ្លាញ

– គ្រាប់ពូជថ្មីសុទ្ធល្អ

III. រដូវកាលដាំដុះ

ត្រកួនគោកគេអាចដាំបានគ្រប់រដូវអោយតែដីល្បាយខ្សាច់ធូរមានជីវជាតិគ្រប់គ្រាន់ខ្ពស់

មិនលិចទឹកនិងមានប្រភពទឹកស្រោចស្រពគ្រប់គ្រាន់ ។

IV. បច្ចេកទេសដាំដុះ

១. ការរៀបចំដី

កាប់ផ្លាក់ឬភ្ជួររាស់ដីអោយបានច្រើនសារហើយហាលដីរយះពេលពី ៧ទៅ ១០ថ្ងៃមុននឹងយកគ្រាប់ទៅដាំ សំអាតស្មៅចេញអោយស្អាត ។

២. ការធ្វើរង

– លើករងទំហំ ៖ ទទឹង ១ម៉ែត្របណ្តោយទៅតាមលទ្ធភាពដីដែលមានឬតាមសេចក្តីត្រូវការ

របស់អ្នកដាំ និងកម្ពស់រងប្រហែលពី ១៦ ទៅ២០ សង្ទីម៉ែត្រ ។

-​ ត្រូវដាក់ជីលាមកគោ ឬជីកំប៉ុស្ត៏ប្រមាណពី ៣ ទៅ៥គក្រ លើផ្ទៃដី ១ម៉ែត្របួនជ្រុង។

– កាប់ដីជ្រុំលាយជាមួយជីត្រឡប់សារចុះសារឡើងរួចរាស់អោយបានស្មើរល្អ។ ត្រកួន

ជាដំណាំបន្លៃម្យ៉ាងដែរដែលទាមទារទឹកច្រើនសម្រាប់ស្រោចស្រព។ ដូច្នេះការធ្វើរងដាំ

ត្រកួនធ្វើយ៉ាងណាអោយមានប្រភពទឹកនៅជិតជាពិសេសនៅរដូវប្រាំង ។

៣. ការដាំដុះ

– ត្រូវយកឈើឆូតជាកូនចង្អូរតូចៗកាត់ទទឹងរងហើយចន្លោះជួរពីកូនចង្អូរមួយទៅមួយ

ចម្ងាយ ២០ ស.ម ជម្រៅប្រហែលពី ១ស.ម ទៅ១.៥ស.ម ។

– រោយគ្រាប់តាមកូនចង្អូរ រោយអោយស្មើរល្អចម្ងាយពីគ្រាប់មួយទៅគ្រាប់មួយប្រហែល

២ ទៅ ៣ស.ម ។ បើគ្រាប់ពូជនុះដុះល្អគេប្រើគ្រាប់អស់ពី ៦០ ទៅ ៧០គ.ក្រ ក្នុងផ្ទៃដីមួយហិកតា ។

– ចំពោះរដូវប្រាំងមានធាតុអាកាសក្តៅខ្លាំងនៅកន្លែងខ្វះទឹកស្រោចមិនគ្រប់គ្រាន់ ឬនៅ

លើដីប្រភេទ ដីខ្សាច់ មុនពេលព្រោសឬសាបគេត្រូវត្រាំគ្រាប់ពូជសិន ។ ការត្រាំគ្រាប់

ពូជរយះពេល ១២ម៉ោងគឺដើម្បីអោយគ្រាប់ពូជនុះដុះពន្លកឆាប់ បន្ទាប់មកទើបគេយកវា

ទៅដាំ ។ ក្រោយពេលដាំរួចគេត្រូវការក្រាលរងដោយកំណាត់ចំបើងខ្លីៗស្មៅងាប់ៗ ឬ

ដើមកំប្លោក ដើម្បីរក្សាសំណើមនៅបានយូររក្សាដីអោយធូរ មិនងាយហាប់ក្តាំង និងបន្ថយ

ការដុះរបស់ស្មៅ ។ការត្រាំគ្រាប់មុនដាំវាអាចដុះចេញ ពន្លកក្រោយពេលព្រោស ឬដាំក្នុង

កំឡុងពេល ពី២ ទៅ ៣ថ្ងៃ ។

៤. ការថែទាំ

ក. ការជ្រួយដី និងធ្វើស្មៅ

– ត្រូវជ្រួយដីនៅជុំវិញគល់ត្រកួនអោយបានញឹកញាប់ដើម្បីអោយដីធូរ ងាយជ្រាបទឹក

ហើយអាចរក្សាសំណើមបានយូរខ្យល់អាកាសចេញចូលបានស្រួលធ្វើអោយត្រកួនដុះបានល្អ ។

– ដកស្មៅអោយបានល្អស្អាត

ខ.​ ការស្រោចទឹក

ស្រោចទឹកព្រឹកល្ងាចអោយបានជោកល្អព្រោះដំណាំត្រកួនត្រូវការទឹកច្រើន កង្វះខាត

ទឹកធ្វើអោយដើមដងដុះលូតលាស់មិនបានខ្ចីល្អ​ក្រិនរឹង ឬចាស់ៗ

គ. ការដាក់ជី
គិតក្នុងផ្ទៃដីមួយម៉ែត្រការ៉េ

– ដាក់ជីលាមកគោ ឬជីកំប៉ុស្ត៏ពី ២ ទៅ ៣គក្រឬជីលាមកប្រចៀវ ឬលាមកមាន់ចំនួន១គ.ក្រ

– ដាក់ជីអ៊ុយរ៉េពី ២០ ទៅ ៣០ក្រាម (មួយក្តាប់)លាយជាមួយទឹក ២០លីត្រ ។ ស្រោច

រយះពេលពី ៥ ទៅ ៧ថ្ងៃម្តង ។

កំណត់សំគាល់

១.ការប្រមូលជីធម្មជាតិដាក់នៅក្រោយពេលកាត់ភ្លាម ឬនៅមុខពេលកាត់មួយអាទិត្យ

២.ការដាក់ជីជ្រួយដីត្រូវធ្វើនៅក្រោយពេលកាត់ភ្លាម ដើម្បីអោយគល់ដំណាំឆាប់ចេញ

ត្រួយថ្មី ។ ក្រោយពីការកាត់ដើមលើកទី១គេអាចកាត់សារជាថ្មីក្នុងរយះពេលពី ១៥ ទៅ

២០ថ្ងៃម្តងៗជាបន្តបន្ទាប់ ។

V. ការប្រមូលផល

ការប្រមូលផលត្រកួនអាចកាត់បានក្នុងរយះពេលពី២៥ ៣០ ថ្ងៃក្រោយពេលដាំ ។ បើសិន

ជាមានការថែទាំបានត្រឹមត្រូវតាមការណែនាំខាងលើគេអាចប្រមូលផលបានឆាប់រហ័ស

បំផុត ។ បើប្រមូលផលត្រកួនដោយដកទាំងឬសតែម្តងអាចអោយអ្នកផលិតខាតបង់

ច្រើនលើការចំណាយ ។ ការប្រមូលផល​ កាត់ដើមទុកគល់ពី ២ ទៅ ៣ ស.មពីដីអាចអោយ

គល់ដុះត្រួយថ្មី និងអាចអោយដើមត្រកួនដុះលូតលាស់ ថ្លោសធំល្អដូចដុះចេញពីគ្រាប់ដែរ

បើយើងថែទាំបានត្រឹមត្រូវ ។ ក្នុងការដាំគ្រាប់ម្តងគេអាចប្រមូលផលបានពី ៣ ទៅ ៥ដង។

%d bloggers like this: